សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញដោយសារតែស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះរាជរដ្ឋាភិបាលតាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ដ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរលើការពង្រឹងជម្រកបណ្ដោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្ដូរជម្រកបណ្ដោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងដែលមានភាពប្រសើរជាងមុន ជាងពេលបច្ចុប្បន្ន។

ថ្លែងក្នុងសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងពិនិត្យផ្ដល់នូវដំណោះស្រាយសមរម្យតាមលទ្ធភាពជាក់ស្ដែងក្នុងការជួយឱ្យបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះរហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។
ជាមួយគ្នានេះ សម្រាប់រយៈពេលបន្ទាប់ក្រសួងមហាផ្ទៃកំពុងដឹកនាំស្រង់ស្ថិតិបងប្អូន ហើយនៅពេលដែលប្រមូលបានទិន្នន័យ ព័ត៌មានចាំបាច់ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការអន្ដរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យនិងដាក់ចេញនូវវិធានការដោះស្រាយជូនបងប្អូនតាមនីតិវិធីជាធរមាន និងការចាំបាច់ជាក់ស្ដែងនៅពេលឆាប់ៗខាងមុននេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សង្កត់ធ្ងន់ថា បច្ចុប្បន្នដោយមិនរងចាំស្ថិតិដែលបានធ្វើរួចរាល់នោះទេ ក្នុងស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់ គណៈកម្មាធិការអន្ដរក្រសួងកំពុងរៀបចំយ៉ាងសកម្មនូវកិច្ចប្រជុំពិភាក្សាលើជម្រើសនានា ដើម្បីរកដំណោះស្រាយសមស្របជាក់ស្ដែងយ៉ាងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋយើង៕




