ក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោកឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Michael George DeSombre បានឱ្យដឹងថា សហរដ្ឋអាម៉េរិកប្រកាស ផ្តល់ជំនួយ២៥លានដុល្លារ ដល់កម្ពុជា សម្រាប់គាំទ្រជនភៀសសឹក និងការដោះមីនមិនទាន់ផ្ទុះ។

លោក DeSombre បានជម្រាបជូនសម្តេចធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស លោក Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយលោកក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។

លោក DeSombre បានបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ នាឱកាសនោះ លោក DeSombre ក៏បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។
សម្តេចធិបតីបានថ្លែងអំណរគុណចំពោះប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ សម្តេចធិបតីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយគា្មនការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ៕


