នៅថ្ងៃទី ១១ខែមករា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា បាននាំយកអំណោយសប្បុរសធម៌របស់មូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដែលមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ មកប្រគល់ជូន លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ២ពាន់គ្រួសារ ដោយផ្ទាល់ នៅខេត្តសៀមរាប។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា អំណោយសប្បុរសធម៌ខាងលើ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខ ដែលជាការបរិច្ចាគពីមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជនក្នុង និងក្រៅប្រទេស ក្នុងគោលបំណងចូលរួមសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក និងកងទ័ពការពារជាតិ។
លោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់ និងជាជំនួយការផ្ទាល់អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយសមាគមសិល្បករខ្មែរ ក្នុងការរៀបចំលើកដាក់ វេចខ្ចប់ និងត្រៀមដឹកជញ្ជូនអំណោយសប្បុរសធម៌ទាំងអស់ ឱ្យបានរួចរាល់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថាអំណោយទាំងនេះ អាចទៅដល់ដៃអ្នកទទួលបានទាន់ពេលវេលា។
លោកជំទាវឧកញ៉ា បានបន្តថា សកម្មភាពនេះ បង្ហាញពីស្មារតីសាមគ្គីភាព ការចូលរួមទទួលខុសត្រូវសង្គម និងទឹកចិត្តសប្បុរសធម៌របស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងកម្លាំងជាតិ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមការលំបាក។
ជាមួយគ្នានេះផងដែរ នៅថ្ងៃដដែល អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិក និងសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមដោយផ្ទាល់ក្នុងការរៀបចំ និងដឹកជញ្ជូនអំណោយសប្បុរសធម៌ទាំងនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្ម។
គួរបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្រេចបង្កើត មូលនិធិសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងប្រមូលកម្លាំងសាមគ្គីខ្មែរតែមួយ ដើម្បីជួយគាំទ្រដល់ជនភៀសសឹក វីរកងទ័ពកម្ពុជា និងប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាពនានា៕



