វឌ្ឍនភាពគម្រោងការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៦០% ហើយ។ នេះបើយោងតាម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងពេលអញ្ជើញចុះពិនិត្យគម្រោងជាក់ស្តែង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម បានឱ្យដឹងថា ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក។
សូមជម្រាបថា គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន មានការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១. សាងសង់ទំនប់អាងទឹក ប្រវែង ១៣០ម៉ែត្រ និង ២.សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៦០% និងគ្រោងបញ្ចប់ការងារនៅចុងខែកុម្ភៈ ខាងមុននេះ។

ការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ គម្រោងនេះ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការ ចំនួន ១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕ អត្ថបទ៖ហ្សាលីន


