អន្តរក្រសួង កំពុងរៀបចំគម្រោងប្លង់មេសម្រាប់អគារស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ

សង្គម​ និង​សេដ្ឋកិច្ច

អន្តរក្រសួង កំពុងរៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់អគារស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដើម្បីជំរុញការអភិវឌ្ឍន៍តំបន់នោះឱ្យកាន់តែរីកចំរើនថែមទៀត។ នេះបើយោងតាមកិច្ចប្រជុំដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កក កាលពីថ្ងៃទី៨ មករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងមហាផ្ទៃ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, តំណាងរដ្ឋបាលខេត្តកណ្តាល, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល, តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និង តំណាងរដ្ឋបាលក្រុងសំពៅពូន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

លោក ហ៊ាន សាហ៊ីប បានឱ្យដឹងថា គម្រោងប្លង់មេ (Master Plan) អគារស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ មានទីតាំងស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និង ពិភាក្សាលើការសិក្សារៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់ការសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំ ដោយគិតគូរអំពីទីតាំងសម្រាប់អង្គភាពគយ ទីតាំងសម្រាប់លើកដាក់ផ្ទេរទំនិញ អគារអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងរួមបញ្ចូលទាំងការរៀបចំសួនច្បារ ដោយយកលំនាំតាមសំណង់អគារទីស្នាក់ការត្រួតពិនិត្យរួម នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលធ្លាប់បានសាងសង់កន្លងមក ។

បន្ទាប់ពីកិច្ចពិភាក្សា និង ការចូលរួមផ្តល់មតិយោបល់យ៉ាងផុលផុស រួចមក ប្រធានអង្គប្រជុំ បានណែនាំឱ្យមានការសិក្សាស៊ីជម្រៅលើការរៀបចំគម្រោងប្លង់មេ និង ប្លង់ស្ថាបត្យកម្មរួម ដោយមានការចូលរួមពី ក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ក្រោមកិច្ចសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កក ដើម្បីឱ្យការសិក្សារៀបចំគម្រោងប្លង់មេនេះ មានសង្គតិភាព ច្បាស់លាស់ និង មានភាពគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និង សម្រេចដ៏ខ្ពង់ខ្ពស់៕អត្ថបទ៖ហ្សាលីន