រាជរដ្ឋាភិ​បាល បង្កើតគ​ណៈកម្មាធិកា​រជំរុញ​ការដោះស្រាយ​បញ្ហាវិស័យឯ​កជន

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជនដែល ស្ថិតក្រោមខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ យោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានកំណត់សមាសភាព គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ដែលមានទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសមួយរូបជាប្រធាន អមដោយអនុប្រធានចំនួន៤រូប និងសមាជិកចំនួន១២រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជនគ មានភារកិច្ច ដូចជា ដឹកនាំសម្របសម្រួល និងជំរុញការដោះ ស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន លើទិដ្ឋភាពច្បាប់ បច្ចេកទេស ឬផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចចម្រុះ ត្រូវដោះស្រាយ ដោយអន្តរក្រសួងនិង/ឬអន្តរស្ថាប័ន និងដែលលើសពីដែនសមត្ថកិច្ច ឬលទ្ធភាពសម្រេចរបស់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន នៃវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការដទៃទៀត រួមទាំងយន្តការក្រុមការងារជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ។

គណៈកម្មាធិការ ក៏មានភារិកិច្ច ធ្វើការពិនិត្យ តាមដាន វាយតម្លៃ និងរាយការណ៍ជូននាយករដ្ឋមន្ត្រីចំពោះរាល់បញ្ហាប្រឈម និងសំណូមពរដើម្បីជំរុញការដោះស្រាយ និង/ឬលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច និង ដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន តាមករណីនីមួយៗ តាមការបញ្ជាផ្ទាល់ ពីនាយករដ្ឋមន្ត្រី។

អនុក្រឹត្យ ក៏បានកំណត់ដែរ គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជននេះ មានធនធានហិរញ្ញវត្ថុ ក្រោមការគ្រប់គ្រង របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងមានសិទ្ធិប្រើត្រារបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី សម្រាប់បំពេញភារកិច្ច។ មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដែលទទួលបានប្រតិភូកម្ម ឬមានសិទ្ធិសម្រេចក្នុងនាមប្រធានក្រសួង ស្ថាប័ន តាមការ ចាំបាច់ ដើម្បីចូលរួមបំពេញភារកិច្ចរបស់គណៈកម្មាធិការ និងមានសិទ្ធិអញ្ជើញស្ថាប័នស្រាវជ្រាវ វិស័យ ឯកជន ដៃគូអភិវឌ្ឍ និងអ្នកជំនាញការ ដើម្បីផ្តល់ព័ត៌មាននិងយោបល់នានា ពាក់ព័ន្ធនឹងការបំពេញ ភារកិច្ចរបស់ខ្លួន។

គួរបញ្ជាក់ថា គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានលេខាធិការដ្ឋានមួយជាសេនាធិការ ដែលមានប្រធាន អនុប្រធាន និងសមាជិក ចំនួន៩រូបផងដែរ។ លេខាធិការដ្ឋាននេះ ដើរតួនាទីសម្របសម្រួល ផ្នែករដ្ឋបាល និងមានការិយាល័យនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រមទាំងមានភារកិច្ច ផ្តល់សេវាគាំទ្រ និងបំពេញការងារ សម្រាប់ប្រក្រតីភាពនៃកិច្ចដំណើរការប្រចាំថ្ងៃ ពិនិត្យ វិភាគ និងលើកយោបល់ជូនគណៈកម្មាធិការពិនិត្យសម្រេច រៀបចំផែនការសកម្មភាព និងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តភារកិច្ច ព្រមទាំងរៀបចំរបាយការណ៍វឌ្ឍនភាពការងារ ៕