គណៈប្រតិភូក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន បានមកពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញពីបំណងចង់ស្វែងរកទីតាំងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យនៅកម្ពុជានាពេលខាងមុខ។

ជំនួបពិភាក្សា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ធ្វើឡើងក្រោមវត្តមាន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក តាយ ស៊ូមីង(Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដោយមានការសម្របសម្រួលពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា។

ក្នុងជំនួបនោះ លោក តាយ ស៊ូមីង បានជម្រាបថា នេះគឺជាលើកទី២ហើយដែលក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. បានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះក្រុមហ៊ុនមានបំណងស្វែងរកទីតាំងដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយមានខ្សែច្រវាក់ផលិតកម្មចំនួន១០ខ្សែ។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការបានស្នើដល់ក្រុមហ៊ុនឱ្យធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគក្នុងកន្សោមឧស្សាហកម្មតែមួយ និងបង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឬអាចពិចារណាក្នុងការជ្រើសរើសទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយរកទីតាំងណាដែលពុំសូវមានប្រជាពលរដ្ឋដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។
មួយវិញទៀត លោក ថា ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីប្រភពនៃវត្ថុធាតុដើមដូចជាកំទេចឈើដែលប្រើសម្រាប់ផលិតជាថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនផងដែរ។
សូមជម្រាបដែរថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេដ៏ធំមួយនៅប្រទេសចិនដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប៕ អត្ថបទ៖ហ្សាលីន

