ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ (RGPPSEZ) របស់អ្នកឧកញ៉ា គិត ម៉េង បានឈានដល់ ២,១៤ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ ២០២៥ ដែលស្មើនឹង ៧% នៃតម្លៃនាំចេញសរុបរបស់កម្ពុជា។ តួលេខដ៏គួរឲ្យកត់សម្គាល់នេះ បានបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងរបស់តំបន់នេះចំពោះសេដ្ឋកិច្ចជាតិ ចំពេលមានការពង្រីកជាបន្តបន្ទាប់នៃវិស័យផលិតកម្ម និងនាំចេញរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ឬ Royal Group Phnom Penh SEZ Plc. (PPSP) នៅថ្ងៃទី ១៥ខែមករា ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កំណើននៃការនាំចេញនៅឆ្នាំ ២០២៥ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនកម្មន្តសាលចំនួន ៩១ មកពី ១៥ ប្រទេសដែលធ្វើប្រតិបត្តិការនៅក្នុង RGPPSEZ បានកើនឡើងយ៉ាងឆាប់រហ័ស ជាមួយអត្រាកំណើនជាងបីដង រវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំងនេះគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំរថយន្ត សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធន់ស្រាលផ្សេងៗទៀត។
ក្រៅពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ ក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារផងដែរ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសនេះ បានទទួលកម្មករជាង ៥៥.០០០នាក់ បម្រើការក្នុងកម្មន្តសាលនានា ដែលគាំទ្រដល់ប្រាក់ចំណូលគ្រួសារ ការអភិវឌ្ឍជំនាញ និងកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
ក្រុមហ៊ុន PPSP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម និងសូមសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សម្តេច ចំពោះការរីកចម្រើនប្រកបដោយចីរភាពរបស់ RGPPSEZ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន PPSP បានលើកឡើងថា៖ «ស្របពេលដែលយើងឈានចូលឆ្នាំថ្មីនេះ យើងគប្បីចងចាំថា ភាពរីកចម្រើនផ្ទាល់ខ្លួន និងភាពសុខដុមរបស់សហគមន៍ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ភាពខ្លាំងពិតប្រាកដមិនមែនត្រឹមតែធ្វើឱ្យខ្លួនឯងប្រសើរទ្បើងប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់សន្តិភាព ឯកភាព និងស្ថិរភាពនៅជុំវិញខ្លួនយើង ជាពិសេសក្នុងគ្រាដ៏លំបាកនេះដែលប្រទេសកម្ពុជាយើងកំពុងប្រឈមមុខ »។
សារនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន PPSP ចំពោះការអភិវឌ្ឍរយៈពេលវែង និងប្រកបដោយចីរភាពក្នុង តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ តាមរយៈការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មគាំទ្រវិនិយោគិនប្រកបដោយ ប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ ក្រោមផែនការដ៏ម៉ឺងម៉ាត់ របស់ អ្នកឧកញ៉ាប្រធាន ចាប់ពីឆ្នាំ ២០២៦ តទៅ PPSP នឹងបន្តពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីៗរបស់ខ្លួន នៅតាមបណ្តា ខេត្តនានាទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងពង្រឹងបន្ថែមទៀត នូវភាពប្រកួតប្រជែងនៃការនាំចេញរបស់ ប្រទេសកម្ពុជា ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការបង្កើតការងារសម្រាប់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដោយចូលរួមកាត់បន្ថយ តម្រូវការធ្វើចំណាកស្រុក។
សូមជម្រាបថា រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕








