នៅថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ សម្របសម្រួលដោយឯកឧត្តម Min Byoung Jang ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បានសហការទទួលអំណោយមនុស្សធម៌លើកទី១៦ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូ ដែលផ្តល់មកព្រឹទ្ធសភាកម្ពុជា តាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ។

អង្គការក្រៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានសហការជាមួយ លោកឧកញ៉ា សុខ សីលា , មជ្ឈមណ្ឌលព្យាបាលសរសឆ្អឹងខ្នង ស្ប៉ាញសេនធ័រ SPINE CENTER , មជ្ឈមណ្ឌល PGCT (Phnom Penh–Gyeongbuk Culture Tourism and Trade Promotion Center), World-OKTA Phnom Penh, KB DAEHAN SPECIALIZED BANK PLC, C.K. Law Firm, One Asia Law Firm, Technology Maintenance Company (GCTMC) និង NEXTGEN LEADERS NETWOR, បានផ្តល់ការបរិច្ចាគនូវថ្នាំពេទ្យ, សម្ភារវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារជួយសង្គ្រោះផ្សេងៗ ដែលមានតម្លៃប្រមាណជាង មួយលាន ប្រាំពីរសែនដុល្លារសហរដ្ឋអាមេរិក តាមរយៈព្រឹទ្ធសភាកម្ពុជា។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) បានចុះហត្ថលេខាលើដំបូងលើអនុ-ស្សរណៈ នៃការយោគយល់គ្នា (MOU) រយៈពេល ៥ឆ្នាំ ជាមួយនឹងគណៈកម្មការទី១០ ព្រឹទ្ធសភាកម្ពុជា ក្នុងឆ្នាំ ២០២២ ដោយមានចំនួនទឹកប្រាក់ស្មើនឹង ១០លានដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់មកក្នុងឆ្នាំ២០២៤ អនុស្សរណៈនេះត្រូវបានពង្រីក និងបន្តថែមឡើងចំនួន ០៥ឆ្នាំទៀត ដែលមានទឹកប្រាក់កើនឡើងសរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងកិច្ចបង្កើនការសហការទ្វេភាគី។
មកដល់ខែមករា ឆ្នាំ២០២៦ នេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) បានផ្តល់ជំនួយមនុស្សធម៌មកកាន់កម្ពុជាបានចំនួន ១៦លើករួចហើយ។ ជំនួយមនុស្សធម៌លើក ទី១៦នេះ នឹងចូលរួមលើកកម្ពស់សុខុមាលភាពជនភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ និងប្រជាជនងាយរងគ្រោះនៅកម្ពុជា។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) សាខាកម្ពុជា មានទីតាំងនៅក្នុងមជ្ឈ-មណ្ឌល PGCT បានដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រសកម្មភាពរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) ដឹកនាំដោយ ឯកឧត្តម Min Byoung Jang ជានាយកសាខា ក្នុងការធានាបាននូវការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ការបរិច្ចាគលើកទី១៦ នេះ ពិតជាមានសារៈសំខាន់បំផុត ដើម្បីជួយដល់ជនភៀសសឹកតាមតំបន់ព្រំដែន ដោយបានរៀបចំឡើងតាមរយៈការរួមចំណែករបស់អង្គការជាដៃគូសហការ និង ក្រុមហ៊ុនជាច្រើន។
កិច្ចសហការរវាងគណៈកម្មការទី១០នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគំរូដ៏សំខាន់នៃសាមគ្គីភាព និងមិត្តភាព រវាងសង្គមស៊ីវិលនៃសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដែលមានការរំពឹងថា នឹងបន្តមានការសហការ និងការគាំទ្រនាពេលអនាគតកាន់តែប្រសើរឡើងថែមទៀត៕









