ការមិនលក់សំបុត្រ និងលក់សិទ្ធិផ្សព្វផ្សាយឲ្យបរទេសក្នុងព្រឹត្តិការណ៍សុីហ្គេម ដើម្បីឲ្យពិភពលោកស្គាល់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីថា ការមិនលក់សំបុត្រ និងមិនលក់សិទ្ធិនៃការផ្សព្វផ្សាយទៅឲ្យបរទេស ក្នុងព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺតម្រូវការចង់ឱ្យពិភពលោកស្គាល់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសំណោះសំណាល និងទទួលទានអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី នាល្ងាច ថ្ងៃទី០៣ ខែមេសានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម ទាំងពេលបើក និងពេលបិទ មិនត្រូវទទួលការបង់ថ្លៃណាមួយនោះទេ។ ក៏ប៉ុន្តែយើងត្រូវតែមានការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានត្រឹមត្រូវ។ សំបុត្រចូលទស្សនាត្រូវតែមាន ប៉ុន្តែសំបុត្រនោះមិនត្រូវបង់ថ្លៃទេ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

សម្ដេចតេជោបានបញ្ជាក់ថា ហេតុផលអ្វីដែលត្រូវមានសំបុត្រ យើងត្រូវដឹងថាពហុកីឡដ្ឋានសម្រាប់ការប្រកួត ទាំងពិធីបើក និងពិធីបិទ គឺវាមានទំហំធំណាស់។ ប្រសិនប្រជាជនដែលចូលទៅទស្សនា មិនបានដឹងថាទីតាំងដែលខ្លួនត្រូវអង្គុយនៅទីណា កៅអីលេខប៉ុន្មាន នៅតំបន់ណា ត្រូវចូលតាមច្រកទ្វារណា វានឹងបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់ ព្រោះមនុស្សទាំងអស់នឹងទៅកាន់ទីកន្លែងតែមួយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា គ្រប់សហព័ន្ធកីឡាទាំងអស់ក៏មិនត្រូវទទួលការបង់ថ្លៃ ក៏ប៉ុន្តែយើងពិតជាមានកន្លែងដែមានកំណត់ មិនអាចមកក្នុងពេលតែមួយ ទៅកាន់ទីកន្លែងដែលលើសចំណុះ នៃការដែលត្រូវផ្ទុកនោះទេ។ ដូច្នេះហើយបានជាសម្ដេចត្រូវតែបញ្ជាក់ឱ្យច្បាស់ពីបញ្ហានេះ។

សម្ដេចតេជោគូសបញ្ជាក់ថា៖ «ការផ្សព្វផ្សាយទៀតសោត ក៏មិនតម្រូវឱ្យមានការបង់ថ្លៃនោះទេ។ យើងមិនមែនត្រូវការប្រាក់កាស ដែលចេញមកពីការប្រមូលនៃការលក់សំបុត្រ ឬក៏ការផ្សព្វផ្សាយណាមួយពីកម្ពុជាទេ។ តម្រូវការចាំបាច់របស់យើងនាពេលនេះ មិនមែនប្រាក់ដែលបានមកពីការលើកសំបុត្រ ឬលក់សិទ្ធិនៃការផ្សព្វផ្សាយទេ តម្រូវការចង់ឱ្យពិភពលោកស្គាល់កម្ពុជាតែម្ដង»៕