រោងចក្រ សហគ្រាស គ្រឹះស្ថាន បានកើនឡើងដល់ជាង៤ម៉ឺន ៦ពាន់ សហគ្រាស ខណៈកម្មករនិយោជិតកើនដល់ជាង ២លាន ១៤ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥ ចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦ ៦៤៩សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់។ នេះជាការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង សួរ បានឱ្យដឹងក្នុងពិធីសន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីថ្ងៃទី១៨មករាថា ក្នុងរយៈពេល ២៩ឆ្នាំមកនេះ សមាគម TAFTAC បានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិន ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថា ការនាំចេញផលិតផលទាំងនេះ(វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា) ក្នុងឆ្នាំ២០២៥ មានតម្លៃប្រមាណ ១៥,៧ពាន់លានដុល្លារអាមេរិក កើនឡើងពីតម្លៃប្រមាណ ១៣,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ (កើនឡើង ១៥,៨%)។

ទន្ទឹមនឹងនេះ ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥ ចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦ ៦៤៩សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់។

គួរឱ្យដឹងថា បើគិតតែត្រឹមឆ្នាំ ២០២៤ កម្ពុជា មាន​រោងចក្រ​សហគ្រាស​តែចំនួន ៤៤ ៧៩៨ មាន​កម្មករ-និយោជិត​តែចំនួន ១ ៨១៦ ០៤៦ នាក់ ស្រី ១ ០៦៤ ៦៨១ នាក់ ក្នុង​នោះ រោងចក្រ​កាត់ដេរ​មាន​ចំនួន ១ ៥៦៦ មាន​កម្មករ-និយោជិត ចំនួន ៩២៤ ០៤៥ នាក់ ស្រី ៦៩១ ៤២៣ នាក់ប៉ុណ្ណោះ៕