ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥ ចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦ ៦៤៩សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់។ នេះជាការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានឱ្យដឹងក្នុងពិធីសន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីថ្ងៃទី១៨មករាថា ក្នុងរយៈពេល ២៩ឆ្នាំមកនេះ សមាគម TAFTAC បានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិន ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថា ការនាំចេញផលិតផលទាំងនេះ(វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា) ក្នុងឆ្នាំ២០២៥ មានតម្លៃប្រមាណ ១៥,៧ពាន់លានដុល្លារអាមេរិក កើនឡើងពីតម្លៃប្រមាណ ១៣,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ (កើនឡើង ១៥,៨%)។
ទន្ទឹមនឹងនេះ ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥ ចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦ ៦៤៩សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់។
គួរឱ្យដឹងថា បើគិតតែត្រឹមឆ្នាំ ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសតែចំនួន ៤៤ ៧៩៨ មានកម្មករ-និយោជិតតែចំនួន ១ ៨១៦ ០៤៦ នាក់ ស្រី ១ ០៦៤ ៦៨១ នាក់ ក្នុងនោះ រោងចក្រកាត់ដេរមានចំនួន ១ ៥៦៦ មានកម្មករ-និយោជិត ចំនួន ៩២៤ ០៤៥ នាក់ ស្រី ៦៩១ ៤២៣ នាក់ប៉ុណ្ណោះ៕


