រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញសេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដោយកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧។
យោងតាមសេចក្តីសម្រេច លេខ ១១ សសរ ស្តីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦។
សូមបញ្ជាក់ថា ការបោះឆ្នោតសំខាន់ៗនៅកម្ពុជាមានចំនួន៤ រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
គិតមកដល់ពេលនេះ កម្ពុជាបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានចំនួន៥អាណត្តិរួចមកហើយ។ ដោយអាណត្តិទី១ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០២, អាណត្តិទី២ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧, អាណត្តិទី៣ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២, អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧, អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕



