មហាសេដ្ឋីមានដាច់គេបំផុតនៅលើពិភពលោក Elon Musk កំពុងដាក់ពាក្យបណ្តឹងទាមទារសំណងរហូតដល់ ១៣៤ពាន់លានដុល្លារ ពីក្រុមហ៊ុន OpenAI និង Microsoft ដោយអះអាងថាលោកហាក់ទទួលបានការកិបកេញផលចំណេញយ៉ាងច្រើនពីក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះ។ នេះបើការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Musk បាននិយាយនៅក្នុងឯកសារមួយដែលបានដាក់ទៅតុលាការសហព័ន្ធមុនពេលសវនាការប្រឆាំងទៅនឹងក្រុមហ៊ុនទាំងពីរថា OpenAI ទទួលបានចន្លោះពី ៦៥,៥ពាន់លានដុល្លារ ទៅ ១០៩,៤ពាន់លានដុល្លារពីការចូលរួមវិភាគទានរបស់មហាសេដ្ឋីកំពូលរូបនេះ នៅពេលដែលលោកបានសហបង្កើតក្រុមហ៊ុន AI ចាប់ផ្តើមថ្មីមួយនេះ នៅក្នុងឆ្នាំ ២០១៥ ខណៈពេលដែល Microsoft ទទួលបានចន្លោះពី ១៣,៣ពាន់លានដុល្លារ ទៅ ២៥,១ពាន់លានដុល្លារ។
យ៉ាងណាមិញ បើតាមលោក Steven Molo មេធាវីរបស់លោក Musk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖” បើគ្មានលោក Musk ទេ នោះក៏មិនមាន OpenAI ដែរ។ លោក Musk បានផ្តល់មូលនិធិភាគច្រើន ផ្តល់កេរ្តិ៍ឈ្មោះរបស់លោក និងបង្រៀនពួកគេនូវអ្វីគ្រប់យ៉ាងដែលលោកដឹងអំពីការធ្វើមាត្រដ្ឋានអាជីវកម្មទៀតផង”។
ជម្រាបជូនថា ជុំវិញការដាក់ពាក្យបណ្តឹងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Musk បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែពីដំបូង OpenAI បានព្រមព្រៀងថាបង្កើតឡើងក្នុងនាមជាអង្គភាពមិនស្វែងរកប្រាក់ចំណេញនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ បែរជាងាកទៅចាប់ដៃគូជាមួយ Microsoft ដើម្បីរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ៕

