អាមេរិក មកឈ្វេងយល់ពីឱកាសវិនិយោគក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានដឹកនាំគណៈប្រតិភូរបស់ខ្លួន មកឈ្វេងយល់បន្ថែមពីឱកាសវិនិយោគក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោក ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាមួយ លោកស្រី Blake Dawgert ប្រធានផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីងមន្ត្រីជំនាញពាក់ព័ន្ធ កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានឱ្យដឹងថា ជំនួបនេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងឈ្វេងយល់បន្ថែមពីឱកាសវិនិយោគក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកថា ការមកឈ្វេងយល់នេះ គឺក្រោយពេលអាមេរិក ពីការបានបង្ហាញនាពេលកន្លងមកពីគម្រោងអភិវឌ្ឍន៍អាទិភាពសំខាន់ៗ ដែលមានក្នុងផែនការយុទ្ធសាស្ត្រ ១០ឆ្នាំ ស្តីពីការដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកម្ពុជា(២០២៦-២០៣៥) រួមមានជាអាទិ៍៖ ឧស្សាហកម្មផលិតនាវា ការចុះបញ្ជីនាវានិងការត្រួតពិនិត្យលក្ខណបច្ចេកទេសនាវា ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចលនានាវាចរណ៍ និងការពង្រឹងសន្តិសុខ សុវត្ថិភាព និងបរិស្ថានក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានគូសបញ្ជាក់បន្ថែមពីបរិយាកាសអំណោយផលនៃវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់កម្ពុជាសម្រាប់បើកឱកាសចូលរួមវិនិយោគពីបរទេស តាមរយៈសំទុះកំណើនសេដ្ឋកិច្ច ក្របខណ្ឌគតិយុត្ត និងបានបង្ហាញនូវការគាំទ្រយ៉ាងកក់ក្តៅចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាពិសេសតាមរយៈការទាក់ទាញអ្នកវិនិយោគិនអាមេរិកមកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀតនាពេលខាងមុខ៕អត្ថបទ៖ហ្សាលីន