ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា ក្រុមប្រឹក្សាសន្តិភាពដែលលោកកំពុងរៀបចំឡើង អាចនឹងជំនួសអង្គការសហប្រជាជាតិបាន ប៉ុន្តែនោះមិនមានន័យថានឹងលុបបាតស្ថាប័នអន្តរជាតិដ៏ធំនេះចោលនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងទៅក្នុងសន្តិសីទសារព័ត៌មានមួយនៅថ្ងៃទី២០ ខែមករា នៅឯសេតវិមានថា ៖” អង្គការសហប្រជាជាតិពិតជាមិនបានជួយអ្វីច្រើននោះទេ។ ខ្ញុំពេញចិត្តទៅនឹងសក្តានុពលរបស់ស្ថាប័ននេះ ប៉ុន្តែពួកគេហាក់មិនអាចសម្រេចអ្វីបាននូវសក្តានុពលទាំងនោះឡើយ”។
យ៉ាងណាមិញ នៅពេលត្រូវបានអ្នកសារព័ត៌មានម្នាក់សួរនាំថា តើក្រុមប្រឹក្សាសន្តិភាពដែលលោក ត្រាំ ទើបតែប្រកាសថានឹងរៀបចំឡើង ដើម្បីកសាងឡើងវិញនៃតំបន់ហ្កាហ្សា អាចជំនួសអង្គការសហប្រជាជាតិបានឬអត់ ប្រធានាធិបតីអាមេរិករូបនេះ បានឆ្លើយតបវិញថា ប្រហែលជាអាច។
គួរឲ្យដឹងថា ក្រុមប្រឹក្សាសន្តិភាព ដូចដែលលោក ត្រាំ បានគ្រោងទុកដំបូង គឺជាក្រុមតូចមួយនៃមេដឹកនាំពិភពលោក ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផែនការសន្តិភាពតំបន់ហ្គាហ្សា។ តែទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ស្ថាប័ននេះបានពង្រីក ដោយលោកបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រទេសប្រហែល ៦០ និងបានបង្ហើបថា ក្រុមប្រឹក្សានេះនឹងសម្របសម្រួលជម្លោះសកលក្នុងពេលឆាប់ៗនេះ ដូចជា “ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខ្នាតតូច” មួយអ៊ីចឹង។
ជម្រាបជូនថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ក្រុមប្រឹក្សាសន្តិភាពនេះ រួមមានកូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បេសកជនពិសេស លោក Steve Witkoff និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair៕

