ប៉ូឡូញ នឹងបង្កើនទុនបម្រុងមាសឲ្យដល់កម្រិតខ្ពស់ជាងគេបំផុតទី១០ នៅលើពិភពលោក

អន្តរជាតិ

ប៉ូឡូញនឹងក្លាយជាប្រទេសដែលកាន់កាប់មាសធំជាងគេទី១០ របស់ពិភពលោកបន្ទាប់ពីធនាគារកណ្តាលរបស់ខ្លួន (NBP) បានប្រកាសពីផែនការបង្កើនទុនបម្រុងមាសបន្ថែមទៀតរហូតដល់ ៧០០ តោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន NBP កាន់កាប់មាសចំនួន ៥៥០ តោន ដែលជាទុនបម្រុងធំជាងគេទី១២ ក្នុងចំណោមធនាគារកណ្តាលរបស់ពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ ការបង្កើនចំនួននោះដល់ ៧០០ តោន តាមតួលេខបច្ចុប្បន្ន នឹងធ្វើឱ្យប្រទេសនេះនាំមុខប្រទេសហូឡង់ (៦១២,៥ តោន) និងតួកគី (៦៤១,៣ តោន)។

ទន្ទឹមនឹងនេះ យោងតាមលោក Adam Glapinski អភិបាលធនាគារជាតិប៉ូឡូញ បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២០ ថា ៖”នេះនឹងធ្វើឱ្យប្រទេសប៉ូឡូញស្ថិតក្នុងចំណោមប្រទេសកំពូលទាំងដប់ដែលមានទុនបម្រុងមាសធំជាងគេបំផុតនៅលើពិភពលោក”។

ប្រទេសប៉ូឡូញបានបង្កើនល្បឿនក្នុងការប្រមូលទិញមាសរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ១៩៩៦ NBP កាន់កាប់មាសត្រឹមតែ ១៤ តោនប៉ុណ្ណោះ។ នៅឆ្នាំ២០១៦ ជាឆ្នាំដែលលោក Glapinski បានក្លាយជាអភិបាលធនាគារ ហើយទុនបម្រុងមាសបានកើនឡើងដល់ ១០២ តោន។ ក្នុងរយៈពេលមួយទសវត្សចាប់តាំងពីពេលនោះមក តួលេខនេះបានកើនឡើងជាងប្រាំដង។

ជម្រាបជូនថា យោងតាមទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោក ដែលជាសមាគមពាណិជ្ជកម្មអន្តរជាតិសម្រាប់ឧស្សាហកម្មមាស ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំមុន NBP បានបន្ថែមមាសទៅក្នុងទុនបម្រុងរបស់ខ្លួន ៩៥តោន ដែលច្រើនជាងធនាគារកណ្តាលផ្សេងទៀតនៅទូទាំងពិភពលោក៕​