ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា ការទិញយកកោះ Greenland អាចនឹងត្រូវចំណាយទឹកប្រាក់រហូតដល់ ១ពាន់លានដុល្លារ ហើយសហរដ្ឋអាមេរិក មានសមត្ថភាពល្អឥតខ្ចោះក្នុងការចំណាយទឹកប្រាក់ទាំងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

នៅក្នុងអំឡុងពេលជួបប្រជុំជាមួយក្រុប្រឹក្សាសន្តិសុខជាតិនៅវិមានក្រឹមឡាំង កាលពីថ្ងៃទី២១ ខែមករា លោក ពូទីន បាននិយាយអំពីផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទិញយកកោះ Greenland ដោយលើកឡើងថា ៖” ប្រទេសដាណឺម៉ាក តែងតែចាត់ទុកកោះ Greenland ជាដែនអាណានិគមរបស់ពួកគេ។ ហើយពួកគេនឹងប្រឹងប្រែងការពារដែនដីនេះ តាមដែលអាចធ្វើទៅបាន”។
មិនតែប៉ុណ្ណោះ លោក ពូទីន ក៏បាននិយាយបន្ថែមទៀតថា រុស្ស៊ី មិនចាប់អារម្មណ៍ទៅលើជម្លោះក្នុងការទទួលបានភាពជាម្ចាស់របស់ Greenland នោះទេ បើទោះបីជាលោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកត្រូវការកោះនេះសម្រាប់ការពារសន្តិសុខជាតិ ដោយសារតែមានការគំរាមកំហែងពីសំណាក់រុស្ស៊ី និងចិន ក៏ដោយ។
ជាងនេះទៅទៀត ប្រធានាធិបតីរុស្ស៊ី បានលើកឡើងពីលទ្ធភាពរបស់ អាមេរិក ក្នុងការទិញយក Greenland បាន ដោយសារតែកន្លងមក សហរដ្ឋអាមេរិក ក៏ធ្លាប់ទិញយករដ្ឋ Alaska ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ១៨៦៧ និងទឹកដីការ៉ាប៊ីន ដែលឥឡូវត្រូវបានគេស្គាល់ថាជាកោះ Virginរបស់សហរដ្ឋអាមេរិក ពីប្រទេសដាណឺម៉ាកក្នុងឆ្នាំ១៩១៦។ យោងតាមលោក ពូទីន កិច្ចព្រមព្រៀងទិញយកកោះ Greenland ប្រសិនបើវាដំណើរការទៅបាន វានឹងអាចចំណាយរហូតដល់មួយពាន់លានដុល្លារអាមេរិក។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក កំពុងរិះរកវិធីជាច្រើន ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងគ្រប់គ្រងកោះ Greenland នេះ ដោយលើកឡើងអំពីជម្រើសនៃការប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់មួយចំនួនធំ ដើម្បីផ្លាស់ប្តូរទស្សនៈរបស់ប្រជាជន Greenland ក្នុងការបំបែកខ្លួនចេញពីប្រទេសដាណឺម៉ាក និងឆ្ពោះទៅរកការរួមបញ្ចូលជាមួយសហរដ្ឋអាមេរិកវិញ៕

