ដំណើរបំពេញទស្សនកិច្ចរបស់នាយកសេវាសម្ងាត់អាមេរិក CIA លោក John Ratcliffe ទៅកាន់ទីក្រុងម៉ូស្គូ ត្រូវបានរាយការណ៍ថា មានគោលបំណងព្រមានប្រទេសរុស្ស៊ី ប្រឆាំងនឹងការតម្រង់ទិសវាយប្រហារលើសមាជិកអង្គការ NATO បន្ទាប់ពីមានការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់អំពីហានិភ័យទាំងនេះ។

យោងតាមសារព័ត៌មាន The Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី ២៦ ខែសីហា ថាដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់នាយក CIA ទៅកាន់ទីក្រុងម៉ូស្គូ នៅសប្តាហ៍នេះ គឺមានគោលបំណងព្រមានរុស្ស៊ីកុំឱ្យវាយប្រហារលើបណ្តាប្រទេសជាសមាជិក NATO។
ជុំវិញដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់ថ្មីៗ ដោយមន្ត្រីអាមេរិក។ ពួកគេព្រួយបារម្ភថា ដោយសារតែការប្រឈមមុខនឹងសង្គ្រាមនៅអ៊ុយក្រែន និងសម្ពាធក្នុងស្រុក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចាប់ផ្តើមការវាយប្រហារលើប្រទេសនៅតំបន់បាល់ទិក ដែលរាប់ចាប់តាំងពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (cyberattacks) រហូតដល់ការជ្រៀតជ្រែកផ្លូវគោកក្នុងទ្រង់ទ្រាយតូចៗ ណាមួយ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែសីហា ថា លោក Ratcliffe បានជួបពិភាក្សាជាមួយមន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ី ក្នុងអំឡុងពេលដែលលោកនៅទីក្រុងម៉ូស្គូ ប៉ុន្តែមិនបានជួបជាមួយប្រធានាធិបតី ពូទីន នោះទេ។
គួរជម្រាបជូនថា ដំណើររបស់លោក Ratcliffe កត់សម្គាល់ពីឱកាសដ៏កម្រមួយសម្រាប់ប្រធានផ្នែកស៊ើបការណ៍សម្ងាត់អាមេរិក ក្នុងការទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ លើកចុងក្រោយដែលនាយក CIA បានទៅទស្សនកិច្ចនៅរុស្ស៊ី គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលលោក William Burns ក្រោមអាណត្តិប្រធានាធិបតី ចូ បៃឌិន បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីព្រមានលោក ពូទីន កុំឱ្យវាយប្រហារលើអ៊ុយក្រែន៕

