កាណាដា គ្រោងហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់បណ្តាញសង្គម

អន្តរជាតិ

ប្រទេសកាណាដា កំពុងដាក់ចេញច្បាប់ដើម្បីហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ និងរឹតបន្តឹងស្តង់ដារសុវត្ថិភាពសម្រាប់ AI chatbots ចំពេលមានការព្រួយបារម្ភអំពីហានិភ័យសុខភាពផ្លូវចិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១០ ខែមិថុនា ក្រសួងអត្តសញ្ញាណ និងវប្បធម៌កាណាដា បានដាក់ចេញច្បាប់សុវត្ថិភាពឌីជីថលដែលនឹងហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម លើកលែងតែនៅលើវេទិកាដែលបំពេញតាមស្តង់ដារសុវត្ថិភាពជាក់លាក់។

ច្បាប់នេះក៏មានគោលបំណងបង្កើនសុវត្ថិភាពរបស់ AI chatbots ដោយបង្កើតស្ថាប័ននិយតកម្មឌីជីថលថ្មីមួយ ដើម្បីបង្កើតស្តង់ដារសុវត្ថិភាព។ ក្រុមហ៊ុនដែលរំលោភបំពានលើច្បាប់នេះ អាចប្រឈមមុខនឹងការពិន័យ ៣% នៃប្រាក់ចំណូលសកលរបស់ពួកគេ ឬរហូតដល់ ១០លានដុល្លារកាណាដា (៧,២លានដុល្លារអាមេរិក) អាស្រ័យលើចំនួនណាដែលខ្ពស់ជាង។

ទន្ទឹមនឹងនេះ លោក Marc Miller រដ្ឋមន្ត្រីក្រសួងអត្តសញ្ញាណ និងវប្បធម៌កាណាដាបានមានប្រសាសន៍ថា ៖”វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និង AI chatbots ត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ពួកគេមិនគាំទ្រដល់ការអភិវឌ្ឍដែលមានសុខភាពល្អរបស់កុមារទេ ហើយបានក្លាយជាប្រភពនៃការថប់បារម្ភ ភាពឯកោ ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត សម្រាប់ក្មេងជំទង់កាណាដាជាច្រើន”។

យោងតាមលោក Miller ច្បាប់នេះនឹងបង្កើតបរិយាកាសដែលមានសុវត្ថិភាពជាងមុនសម្រាប់យុវជនកាណាដា ដោយជួយពួកគេពង្រឹងទំនាក់ទំនងទល់មុខគ្នា កសាងមិត្តភាព ផ្តោតលើការសិក្សារបស់ពួកគេ និងអភិវឌ្ឍជំនាញជាក់ស្តែង។

គួរជម្រាបជូនថា រដ្ឋាភិបាលកាណាដា បានដាក់ចេញសេចក្តីព្រាងច្បាប់នេះជាច្រើនខែ បន្ទាប់ពីអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់របស់ពិភពលោកដែលអនុម័តការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ៕​