តម្លៃមាសហក់ឡើង ខណៈតម្លៃប្រេងឆៅធ្លាក់ដាំក្បាលចុះ ក្រោយអាមេរិក-អ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះ

អន្តរជាតិ

កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជំរុញឲ្យតម្លៃមាសអន្តរជាតិកើនឡើងដល់ ៤ ៣០០ដុល្លារក្នុងមួយអោន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ខណៈពេលដែលតម្លៃប្រេងឆៅបានធ្លាក់ចុះជាង ៤%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើការជួញដូរនៅថ្ងៃទី១៥ មិថុនា តម្លៃមាសនៅលើទីផ្សារពិភពលោក បានកើនឡើងជិត ១០០ដុល្លារ ដល់ ៤ ៣០៩ដុល្លារក្នុងមួយអោន ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេលជាច្រើនខែកន្លងមក។

ទន្ទឹមនឹងនេះ នៅក្នុងទីផ្សារប្រេងឆៅអន្តរជាតិវិញ តម្លៃបច្ចុប្បន្នបានធ្លាក់ចុះអស់ជាង ៤% បន្ទាប់ពីព័ត៌មានពីការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។ ប្រេងប្រភេទ Brent និង WTI ត្រូវបានជួញដូរនៅក្នុងតម្លៃ ៨៣,៦ដុល្លារ និង ៨១ដុល្លារក្នុងមួយបារ៉ែលរៀងៗគ្នា។

គូួរជម្រាបជូនថា ជុំវិញការប្រែប្រួលនៃទីផ្សារនេះ បានកើតឡើងបន្ទាប់ពីមានព័ត៌មានថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាហើយ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុង។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការលុបចោលការបិទផ្លូវសមុទ្ររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ភ្លាមៗ ក៏ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយមិនគិតថ្លៃដឹកជញ្ជូនណាមួយនោះឡើយ៕​