គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយជំរុញខ្សែច្រវ៉ាក់ផលិតកូនមាន់ និងការចិញ្ចឹមមាន់យកសាច់ឲ្យបាន២៥លានក្បាល នៅទូទាំង២៥រាជធានី ខេត្ត ក្នុង១ឆ្នាំៗ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានជំរុញ លើកទឹកចិត្ត និងគាំទ្រទៅដល់គម្រោងខ្សែច្រវ៉ាក់ផលិតកូនមាន់ និងការចិញ្ចឹមមាន់យកសាច់ ចំនួន២៥លានក្បាល នៅទូទាំង២៥រាជធានី-ខេត្ត ក្នុង១ឆ្នាំៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះរបស់ ឯកឧត្តម ផល សុជាតិ បានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅក្នុងពិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន 1. THOMLANG JAPAN CO., LTD. 2. ក្រុមហ៊ុន HALAL PARK CAMBODIA; និង 3. ក្រុមហ៊ុន D.C.O.N. Development & Import Export Co., Ltd. លើគម្រោងផលិតកូនមាន់ ចិញ្ចឹមមាន់យកសាច់ នៅទូទាំង២៥ រាជធានី ខេត្ត។

កិច្ចព្រមព្រៀងអនុវត្តគម្រោងរួមគ្នារបស់ក្រុមហ៊ុនទាំង៣ មានគោលបំណងដើម្បីលើកកម្ពស់សេដ្ធកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការជំរុញវិស័យកសិឧស្សាហកម្ម វិស័យសុវត្ថិភាពចំណីអាហារ និង សន្តិសុខស្បៀងអាហារទូទាំងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

គម្រោងអាចនឹងជួយ ១. បង្កើនប្រាក់ចំណូលដល់បងប្អូនកសិករចិញ្ចឹមមាន់ ២. លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៣. វិនិយោគទាប តែបានផលចំណេញច្រើន និង ៤. លើកកម្ពស់អំណាចស្រ្តី

គោលដៅធំនៃគម្រោងគឺនឹងជំរុញឲ្យគ្រប់រាជធានី ខេត្ត ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ផលិតកូនមាន់ និងចិញ្ចឹមមាន់យកសាច់ឲ្យបាន១លានក្បាល ក្នុង១ខេត្ត។ ទីផ្សារដែលអាចស្រូបយកបានគឺការនាំចេញសម្រាប់យកជាចំណីអាហារប្រភេទ Halal ដែលមានក្រុមហ៊ុន Halal Park Cambodia ជាអ្នករ៉ាប់រងប្រមូលទិញ។