តុលាការកាត់ទោសអតីតអ្នកឧកញ៉ា ហេង សិ​ទ្ធី ជាប់ពន្ធធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធសំណុំរឿង៤

ជុំវិញ​ឧកញ៉ា

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​អ្នកឧកញ៉ា ហេង សិ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ពាក់ព័ន្ធ​លើសំណុំរឿងចំនួន​៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាលក្រម​ផ្តន្ទាទោស​អតីតអ្នក​ឧកញ៉ា ហេង សិ​ទ្ធី លើសំណុំរឿងចំនួន៤រួមមាន៖ សាលក្រម​ទី​១ លើ​សំណុំរឿង «​​ហិ​ង្សា​ដោយ​ចេតនា ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ»។ សាលក្រម​ទី​២ លើ​សំណុំរឿង​ «​​បរិហារកេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​មានការ​រើស​អើង» ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​៦​ខែ។ សាលក្រម​ទី​៣ លើ​សំណុំរឿង​. «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សង្គម» ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ។ សាលក្រម​ទី​៤ លើ​សំណុំរឿង​ «​គំរាម​កំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់ទោស» ដាក់​ពន្ធនាគារ​កំណត់​៨ឆ្នាំ។

ដូច្នោះ​ ទោស​សរុប​ទាំង​៤​សំណុំរឿង ជនជាប់​ចោទ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​ចំនួន​១៣​ឆ្នាំ​កន្លះ (៦ខែ) ដែល​បច្ចុប្បន្ន​ជនជាប់ចោទ​អតីតអ្នក​ឧកញ៉ា ហេង សិ​ទ្ធី កំពុង​ជាប់​ឃុំ​នៅ​ពន្ធនា​គារ ​(​ម​៣) ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ។

គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥  សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង អតីតអ្នកឧកញ៉ា ហេង សិទ្ធី មកបើកសវនាការជំនុំជម្រះទោសជាសាធារណៈ ពាក់ពន្ធបទល្មើសចំនួន២ រួមមាន ១.សំណុំរឿងព្រហ្មទណ្ឌបទហិង្សាដោយចេតនា និង ២.សំណុំរឿងព្រហ្មទណ្ឌពីបទគំរាមកំហែងហែកកេរ្តិ៍។

សូមជម្រាបថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិទៅនៅប្រទេសកម្ពុជាក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៤៕