កម្ពុជា-ឡាវ ចុះហត្ថលេខានាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ឆ្លងកាត់តាមប្រទេសឡាវ

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានជួបប្រជុំទ្វេភាគី​ និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ លោក Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ ឌិត​ ទីណា​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ កម្ពុជា-ឡាវ​ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម​ ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក​ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

លោករដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់​នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម​ និងបុរេសកម្ម​ ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត​ ដោយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នា​ពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន។

លើសពីនេះ លោកក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ​ ការកែលម្អបរិយាកាសវិនិយោគ​ ការកែលម្អផលិតកម្មពូជ​ ការលើកកម្ពស់ស្តង់ដារផលិត​ ការតាំងពិព័រណ៍ផលិតផលកសិកម្ម​ ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព​ សុវត្ថិភាព​ ចំណាយថ្លៃដើមទាប​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើសត្វព្រៃ​ ជីវចម្រុះ​ និងធនធានធម្មជាតិ។

គួរបញ្ជាក់ថា ក្នុងជំនួបនោះ ភាគី កម្ពុជា-ឡាវ​ ក៏បានបង្ហាញឆន្ទៈ​ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​កាន់តែជិតស្និទ្ធ​ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម​ កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរផងដែរ៕