នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ទំនិញកសិផលជាមួយ លោក Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត ដោយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នាពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។

លើសពីនេះ លោកក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលើកកម្ពស់ស្តង់ដារផលិត ការតាំងពិព័រណ៍ផលិតផលកសិកម្ម ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដើមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើសត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។

គួរបញ្ជាក់ថា ក្នុងជំនួបនោះ ភាគី កម្ពុជា-ឡាវ ក៏បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរផងដែរ៕

