ក្រុមហ៊ុនផលិតយន្តហោះ Airbus កំពុងខិតជិតក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងលក់យន្តហោះប្រភេទ A220 ប្រហែល ១០០ គ្រឿងទៅឲ្យក្រុមហ៊ុនអាកាសចរណ៍លំដាប់ថវិកា AirAsia ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យ៉ាងណាមិញ ប្រសិនបើកិច្ចព្រមព្រៀងមួយនេះត្រូវសម្រេចបានមែន នោះវាក៏នឹងរួមបញ្ចូលទាំងជម្រើសបញ្ជាទិញសម្រាប់យន្តរបស់ Airbus ចំនួន ៥០ គ្រឿងបន្ថែមទៀត ដែលអាចនឹងត្រូវប្រកាសនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបជាងគេបំផុតនៅអាស៊ីមួយនេះ កំពុងបង្កើនសមត្ថភាពដឹកជញ្ជូនរបស់ខ្លួនបន្ថែមទៀត។
គួរឲ្យដឹងថា AirAsia គឺជាអតិថិជនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ដែលកន្លងធ្លាប់បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរខ្នាតធំ A320 ចំនួនប្រមាណជាង ៣៥០ គ្រឿងរួចមកហើយ។ ហើយកាលពីខែកក្កដា ឆ្នាំមុន ក្រុមហ៊ុននេះ ក៏បានបញ្ជាទិញយន្តហោះប្រភេទ A321XLR រយៈចម្ងាយឆ្ងាយចំនួន ៥០ គ្រឿងផងដែរ។
ទន្ទឹមនឹងនេះ យោងតាមលោក Tony Fernandes សហស្ថាបនិកក្រុមហ៊ុន AirAsia បានប្រាប់អ្នកយកព័ត៌មាន កាលពេលកន្លងទៅថា ក្រុមហ៊ុនអាកាសចរណ៍លំដាប់ថវិការបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកសមត្ថភាពដឹកជញ្ជូនរបស់ខ្លួន ដោយជ្រើសរើសនូវការបង្កើនចំនួនយន្តហោះតូចៗបន្ថែមទៀត ដើម្បីគាំទ្រដល់គោលដៅថ្មីៗ៕

