សហភាពអឺរ៉ុប (EU) បានប្រកាសនឹងបញ្ចប់ការនាំចូលឧស្ម័នធម្មជាតរាវ (LNG) ពីប្រទេសរុស្ស៊ី នៅត្រឹមចុងឆ្នាំ២០២៦ និងតាមរយៈបំពង់បង្ហូរនៅចុងខែកញ្ញា ឆ្នាំ២០២៧ នេះបើតាមផែនការដែលទើបតែត្រូវបានអនុម័ត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងទៀតថា កាលពីថ្ងៃទី២៦ ខែមករា រដ្ឋមន្ត្រីមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន ២៥ ក្នុងចំណោម ២៧ បានអនុម័តច្បាប់ថ្មីមួយស្តីពីការហាមឃាត់ការនាំចូលឧស្ម័នរុស្ស៊ី នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងព្រុចសែល។ តាមរយៈការអនុម័តនេះ មានន័យថា EU នឹងបញ្ចប់ជាផ្លូវការនូវការនាំចូលឧស្ម័ន LNG របស់រុស្ស៊ី នៅត្រឹមចុងឆ្នាំ២០២៦ និងតាមបំពង់បង្ហូរ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧។
គួរឲ្យដឹងថា ក្នុងអំឡុងពេលអនុវត្តនេះ មុនពេលផ្តល់ការអនុញ្ញាតឱ្យនាំចូលឧស្ម័នធម្មជាតិចូលទៅក្នុងសហភាពអឺរ៉ុប ប្រទេសនានាត្រូវផ្ទៀងផ្ទាត់ប្រភពដើមនៃទំនិញជាមុន។ ហើយប្រសិនបើប្រទេសជាសមាជិកណាមួយមិនអនុវត្តតាមច្បាប់ថ្មីនេះ នោះនឹងមានការពិន័យយ៉ាងហោចណាស់ ២,៥លានអឺរ៉ូ ដល់ ៤០លានអឺរ៉ូ។
ជម្រាបជូនថា សហភាពអឺរ៉ុបចាត់ទុកគោលនយោបាយថ្មីនេះថាជាព្រឹត្តិការណ៍សំខាន់មួយក្នុងការសម្រេចគោលដៅនៃការបញ្ចប់ការពឹងផ្អែករបស់ EU លើថាមពលរុស្ស៊ី ដែលជាគោលដៅមួយត្រូវបានព្រមព្រៀងគ្នាដោយមេដឹកនាំប្រទេសជាសមាជិកនីមួយៗ នៅក្នុងសេចក្តីប្រកាស Versailles ក្នុងខែមីនា ឆ្នាំ២០២២៕

