គម្រោងវិនិយោគ ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លា អាមេរិក ក្នុងខេត្តទាំងបួននៅតំបន់ភូមិភាគឦសាន ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍លេខ ១៤៨ របស់អគ្គនាយកពន្ធដារកម្ពុជា ផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

អគ្គនាយកពន្ធដារកម្ពុជា បានឱ្យដឹងថាបន្ត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កន្លងទៅ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម រ័ត្ន មុនី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសលើកទី៣ លើការស្នើសុំរបស់គម្រោងវិនិយោគចំនួន ២២ នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។
អគ្គនាយកពន្ធដារកម្ពុជា បានបន្តថា គម្រោងវិនិយោគ ទាំង ២២ នោះ មានទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ ១៦០ កន្លែង ដែលមានទីតាំងនៅ ខេត្តក្រចេះចំនួន ៥ គម្រោង នៅខេត្តស្ទឹងត្រែងចំនួន ១០ គម្រោង នៅខេត្តរតនគិរីចំនួន ២ គម្រោង និងនៅខេត្តមណ្ឌលគិរីចំនួន ៥ គម្រោង។
គម្រោងវិនិយោគទាំងនោះដែរ មានសកម្មភាពចម្រុះ ជាអាទិ៍មាន គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម គម្រោងគ្រឹះស្ថានឧត្តមសិក្សា គម្រោងមន្ទីរពហុព្យាបាល គម្រោងសណ្ឋាគារនិងរីសតភូមិទេសចរណ៍វប្បធម៌ គម្រោងកសិដ្ឋានចិញ្ចឹមសត្វ គម្រោងកសិដ្ឋានដាំដំណាំ កសិកម្ម និងកសិ-ឧស្សាហកម្ម និងគម្រោងរោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ៕ អត្តបទ៖ហ្សាលីន

