ឧកញ៉ា ប៉ិច បូឡែន ណែនាំកុំនាំគ្នាទិញដីទុក ផ្ញើលុយនៅធនាគារ ឬសម្រុក​ទិញមាសទុក គួររំលែកលុយរកស៊ី​ជាមួយក្រុមហ៊ុនខ្មែរ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំនាំគ្នាទិញដីទុក ផ្ញើលុយនៅធនាគារ ឬសម្រុក​ទិញមាសទុក ហើយគួររំលែកលុយរកស៊ី​ជាមួយក្រុមហ៊ុនខ្មែរ ដើម្បីឱ្យចរន្តសាច់ប្រាក់ដើររលូន និង​ជួយ​ដល់សេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឧកញ៉ា ប៉ិច បូឡែន បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកថា លោកកំពុងជជែកវែកញែកជាមួយ CEO Canadia Securities ថាកាលមុនមានលុយនាំគ្នាទិញដីទុក ដល់ពេល​គាំងដី មិនដឹងរកស៊ីអី សម្រុកយកលុយផ្ញើធនាគារយកការប្រាក់បញ្ញើ ហើយដល់ពេលធនាគារបញ្ចុះការប្រាក់បញ្ញើ នាំគ្នាសម្រុកទិញមាស ព្រោះមិនទាន់ដឹងរកស៊ីអី ហើយមិនទុកចិត្តសេដ្ឋកិច្ច ចុងបញ្ចប់ចរន្តសាច់ប្រាក់ប្រតិបត្តិការ​បង្វិលសម្រាប់ប្រតិបត្តិករសេដ្ឋកិច្ចនៅតែតឹង។

លោកឧកញ៉ា បានលើកជាសំណូមពរថា ជាការប្រសើរបើបងប្អូនទាំងអស់គ្នារំលែកលុយខ្លះចេញរកស៊ី បណ្តាក់ទុន​ក្នុងក្រុមហ៊ុនណាមួយ ឬវិនិយោគក្នុងទីផ្សាហ៊ុនខ្មែរយើង ដើម្បីក្រុមហ៊ុនខ្មែរយើងមានសាច់ប្រាក់ពង្រឹង និងពង្រីក​អាជីវកម្ម។ ការសំខាន់មួយទៀត សូមស្នើរាជរដ្ឋាភិបាលកែសម្រួល កុំអាលយកពន្ធលើចំណេញ​មូលធនសម្រាប់​ក្រុមហ៊ុនខ្មែរ។ សូមផ្តល់ឱកាសឱ្យក្រុមហ៊ុនខ្មែរជាពិសេសអាជីវកម្មខ្នាតតូច-មធ្យម ធ្វើការទិញ-លក់ហ៊ុន និងប្រមូល​ទុនវិនិយោគពង្រឹង-ពង្រីកអាជីវកម្មមួយរយៈពេលទៀតសិន៕