ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចការសាងសង់ ៣៩,២% ហើយ គិតមកត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។នេះបើយោងតាមការប្រកាសរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ផន រឹម បានឱ្យដឹងបន្ថែមថា ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំង ត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលគម្រោងសាងសង់ស្ពាន ១ខ្សែនេះ នឹងចំណាយរយៈពេល ៤៨ខែ ដោយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅក្នុងឆ្នាំ ២០២៨ ខាងមុខនេះ។

ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) គឺជាប្រភេទ ស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប: ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ៤ខ្សែ។
សូមជម្រាបដែរថា ស្ពាននេះ នៅពេលសាងសង់រួចរាល់ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់ មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងព្រលានយន្តហោះថ្មី ត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៕ អត្ថបទ៖ហ្សាលីន


