ទ្រព្យសម្បត្តិរបស់លោក Manuel Villar ធ្លាក់ចុះអស់ជាង ១ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីនិយតករហ្វីលីពីន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុន Villar Land ដែលជាក្រុមហ៊ុនអលចនទ្រព្យដ៏ល្បីល្បាញក្នុងប្រទេស រួមទាំងនាយកប្រតិបត្តិ និងទាំងខ្លួនលោកផ្ទាល់ ដោយចោទប្រកាន់ពីការរៀបចំទីផ្សារ ការជួញដូរផ្ទៃក្នុង និងការបង្ហាញព័ត៌មានបំភាន់។

ជុំវិញចោទប្រកាន់នោះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Villar Land ធ្លាក់ចុះដល់ទៅ ២៥% នៅថ្ងៃចន្ទ បន្ទាប់ពីការជួញដូរបានបន្តឡើងវិញ ក្រោយផ្អាករយៈពេលមួយម៉ោង ដោយផ្សារហ៊ុនហ្វីលីពីន។ យោងតាម Forbes ភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតដែលមានទំនាក់ទំនងជាមួយ Villar ក៏បានធ្លាក់ចុះផងដែរ។
មិនតែប៉ុណ្ណោះ គណៈកម្មការមូលបត្រ និងទីផ្សារភាគហ៊ុនហ្វីលីពីន (SEC) បានបន្ថែមទៀតថា អង្គភាពដែលមានទំនាក់ទំនងជាមួយលោក Manuel Villar រួមទាំងក្រុមហ៊ុន Infra Holdings ដែលជាកម្មសិទ្ធិរបស់ប្អូនប្រុសរបស់លោក Villar ក៏ត្រូវបានចោទប្រកាន់ពីការរៀបចំការជួញដូរក្លែងក្លាយ ដើម្បីផ្តល់ភាគហ៊ុនដល់ក្រុមហ៊ុន Villar Land ផងដែរ។
យ៉ាងណាមិញ SEC បានដាក់សំណើរបស់ខ្លួនទៅកាន់ក្រសួងយុត្តិធម៌កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយក្រសួង បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងពិនិត្យមើលពាក្យបណ្តឹងនេះ។
ជម្រាបជូនថា លោក Villar ធ្លាប់ត្រូវបានចាត់ថ្នាក់ជាបុគ្គលមានបំផុតនៅក្នុងប្រទេសហ្វីលីពីននៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោកឆ្នាំ២០២៥ របស់ទស្សនាវដ្តី Forbes ដែលចេញផ្សាយកាលពីខែមេសាឆ្នាំមុន ជាមួយនឹងទ្រព្យសម្បត្តិសរុប ១៧,២ពាន់លានដុល្លារ តែឥឡូវមហាសេដ្ឋីរូបនេះស្ថិតនៅលំដាប់ទីបួន ជាមួយនឹងទ្រព្យសម្បត្តិ ៣,៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦៕

