គម្រោងអភិវឌ្ឍន៍សំខាន់ៗ នឹងលេចរូបរាងឡើងនៅខេត្តតាកែវ នាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តតាកែវដូចជា ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និងសណ្ធាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការបញ្ជាក់របស់ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បាន​ថ្លែងក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងសម្រេចលើសំណើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ និងរីសត «រីវើរគោកធ្លក» (River Kouk Thlok) នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមរដ្ឋបាលខេត្តតាកែវ តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក» នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តតាកែវ ដែលបាននិងកំពុងស្នើសុំវិនិយោគសាងសង់ ដែលជាគម្រោងទេសចរណ៍លំដាប់ផ្កាយ៤ ដ៏មានសក្ដានុពលបំផុតមួយ នៅត្រើយម្ខាងខាងលិចបឹងតាកែវ។

លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ បានសម្ដែងការគាំទ្រ និងស្វាគមន៍ចំពោះវត្តមាននៃសណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក»នេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តតាកែវ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនឡើង នឹងជួយបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក វ៉ី សំណាង ក៏បានគូសបញ្ជាក់ដែរថា បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តដូចជា ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និងសណ្ធាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ ។

គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ មានទំហំទឹកប្រាក់រហូតដល់ ៤,៩៧០,០០០ ដុល្លារអាមេរិក ដែលនឹងត្រូវសាងសង់ឡើងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ គម្រោងនេះ រួមមាន៖ សណ្ឋាគារចំនួន ១០២ បន្ទប់ និងកន្លែងកម្សាន្តលើទឹកដ៏សម្បូរបែប ដូចជាការជិះម៉ូតូទឹក និងការជិះទូកកម្សាន្តជាដើម៕