មុនវិលត្រឡប់មកប្រទេសកម្ពុជាវិញ សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរនៅបារាំងថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងខិតដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី។

សម្តេចធិបតី លើកឡើងឡើងបែបនេះ ក្នុងឱកាសសម្តេចធិបតី និងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស ប្រទេសបារាំង។បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។
សម្តចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើហ្វេសប៊ុកកាលព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ថា៖ «ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅទីនេះ។ ហើយខ្ញុំក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ»។
ជាងនេះទៀត សម្តេចថា៖« ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចម្រើន ហើយកុំឱ្យមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភពីបញ្ហាព្រំដែនដែលកំពុងក្តៅ»។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានប្រាប់ពលរដ្ឋខ្មែរដែលរស់នៅទីនោះថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើងឱ្យបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង។
សូមរម្លឹកដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) រយៈពេល៣ថ្ងៃ នៅទីក្រុងនីស ប្រទេសបារាំង ។
នៅក្នុងអំឡុងចូលរួមសន្និសីទនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីបារាំង លោក ម៉ាណូ អែល ម៉ាក្រុង ដើម្បីប្រាប់ពីជំហរកម្ពុជាលើបញ្ហាព្រំដែនជាមួយថៃផងដែរ។ក្នុងជំនួបនោះ លោកប្រធានាធិបតីបារាំង ក៏បានសន្យាចំពោះមុខសម្តេចធិបតីថា «បារាំងនឹងផ្តល់ឯកសារនានា ដល់ភាគីកម្ពុជា និងថៃ ទាក់ទងនឹងបញ្ហានេះ»។ ជាពិសេសពេលដែលកម្ពុជា ប្តឹងទៅតុលាការឡាអេ លើសំណុំរឿងតំបន់មុំ៣ ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របីជាដើម៕ អត្ថបទ៖ ហ្សាលីន

