សម្តេច ហ៊ុន សែន ឱ្យក្រសួងអប់រំពន្យាវិស្សមកាលតូច ដើម្បីសិស្សអាចចូលរួមកីឡាស៊ីហ្គេមឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ពន្យាវិស្សមកាលតូចឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីឱ្យសិស្សានុសិស្សអាចចួលរួមជួយ និងអបអរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខនេះ។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមបឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេច ហ៊ុន សែន បានលើកឡើងថា អស់រយៈពេល ៦៤ឆ្នាំហើយដែលកម្ពុជាខកខានចាប់យកឱកាសរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់បែបនេះ ហើយក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ កម្ពុជាមានមហិច្ចតា ធ្វើយ៉ាងណារៀបចំស្វាគមន៍ភ្ញៀវដោយភាពកក់ក្ដៅដើម្បីឱ្យពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងព្រឹត្តិការណ៍កីឡាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

ជាមួយគ្នានេះ សម្តេចបន្តថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្រ្ត នេះឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចបានស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ នេះផងដែរ។

បន្ថែមពីនេះផងដែរ សម្ដេចបានអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម  ជួយផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបាន ជោគជ័យ ។

សូមបញ្ជាក់ដែរថា កម្ពុជាបានចាប់រាប់ថយក្រោយ ៣០០ថ្ងៃដើម្បីរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាប៉ារ៉ាហ្គេមដែលកម្ពជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ ដែលមានរយៈពេលជាង ២៩៧ថ្ងៃទៀត៕