សណ្ឋាគារផ្កាយ៤ និងរីសត រីវើរគោកធ្លក យកលំនាំតាមប្រាសាទភ្នំដា តម្លៃជិត ៥លានដុល្លារ ត្រៀមលេចរូបរាង​នៅត្រើយម្ខាងខាងលិចបឹងតាកែវ ក្នុងក្រុងដូនកែវ

សង្គម​ និង​សេដ្ឋកិច្ច

តាកែវ៖ សណ្ឋាគារផ្កាយ៤ និងរីសត “រីវើរគោកធ្លក” តម្លៃជិត ៥លានដុល្លារ ត្រៀមនឹងលេចរូបរាងឡើង​នៅក្រុង​ដូនកែវក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ៍ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៦នេះ ស្ដីពីការពិនិត្យ និងសម្រេចលើសំណើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ និងរីសត «រីវើរគោកធ្លក» (River Kouk Thlok) ដែលជាគម្រោងទេសចរណ៍លំដាប់ផ្កាយ៤ ដ៏មានសក្ដានុពលបំផុតមួយ នៅត្រើយម្ខាង​ខាងលិចបឹងតាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ បានសម្ដែងការគាំទ្រ​ចុះពោះវត្តមាននៃសណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត “រីវើរគោកធ្លក” នេះ ដែលវានឹងក្លាយជាសមិទ្ធផលថ្មី​មួយ​ទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តតាកែវ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនឡើង ដែលនឹងជួយបង្កើតការងារ និងចំណូល​ដល់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម វ៉ី សំណាង ក៏បានគូសបញ្ជាក់ផងដែរថា បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តដូចជា ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និងសណ្ធាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ ។

លោកស្រី នូវ គន្ធា ប្រធានក្រុមហ៊ុន វែលខម ស្ដាយ រីវើរ (ខេមបូឌា) បានថ្លែងឲ្យដឹងថា ស្ថាបត្យកម្មនៃ​សណ្ឋាគារ​នេះ ត្រូវបានរចនាឡើងដោយដកស្រង់លំនាំតាម «ប្រាសាទភ្នំដា» ដែលជាមរតកវប្បធម៌ដ៏ល្បីល្បាញ​របស់ខេត្ត​តាកែវ។

លោកស្រីបានបញ្ជាក់ថា៖ “សំណង់ខាងក្រៅនៃសណ្ឋាគារ គឺជារចនាបថខ្មែរ ១០០ភាគរយ ដើម្បីបង្ហាញពី​អត្តសញ្ញាណជាតិ ប៉ុន្តែផ្នែកខាងក្នុង ត្រូវបានរៀបចំជាបែប ‘កូនកាត់អឺរ៉ុប’ (Hybrid Europe) ដើម្បីធានាបាន​នូវភាពស៊ីវិល័យ ផាសុកភាព និងតម្រូវចិត្តភ្ញៀវគ្រប់ស្រទាប់វណ្ណៈ ទាំងភ្ញៀវជាតិ និងអន្តរជាតិ”។

គួបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ មានទំហំទឹកប្រាក់រហូតដល់ ៤,៩៧០,០០០ ដុល្លារអាមេរិក ដែលនឹងត្រូវ​សាងសង់ឡើងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ គម្រោងនេះរួមមាន សណ្ឋាគារចំនួន ១០២ បន្ទប់ និងកន្លែងកម្សាន្តលើទឹកដ៏សម្បូរបែប ដូចជាការជិះម៉ូតូទឹក និងការជិះទូកកម្សាន្តជាដើម៕