អគារកម្ពស់៦ជាន់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ សមត្ថភាពផ្ទុកគ្រែរហូត ២០០គ្រែ សង់បាន៥%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

អគារកម្ពស់៦ជាន់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា សមត្ថភាពផ្ទុកគ្រែរហូត ២០០គ្រែ សាងសង់សម្រេចបាន៥%ហើយ ខណៈអគារនេះ សាងសង់ឡើង ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការជាក់ស្តែង។នេះបើយោងតាមសេចក្តីប្រកាសរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ផ្សាយចេញនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដោយមានការតម្រង់ទិស និងណែនាំដោយផ្ទាល់របស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, អគារថ្មីកម្ពស់ ៦ជាន់ ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ត្រូវបានចាប់ផ្ដើមសាងសង់ ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេសដើម្បីសម្រួលដល់ការពិនិត្យ និងព្យាបាលទារក កុមារ ក៏ដូចជាកាត់បន្ថយអត្រាខ្ពស់នៃការប្រើប្រាស់គ្រែរួមគ្នា។

ប្រភព​ដដែលបន្តថា អគារថ្មីកម្ពស់ ៦ជាន់នេះ មានសមត្ថភាពផ្ទុកគ្រែបានចំនួនប្រមាណ ២០០ បន្ថែមលើគ្រែចំនួន ២ ១៦១ ដែលមន្ទីរពេទ្យគន្ធបុប្ផាមានបច្ចុប្បន្ន។តាមរបាយការណ៍វឌ្ឍនភាព, ការសាងសង់អគារនេះសម្រេចបាន ៥% បន្ទាប់ពីបានបើកការដ្ឋាន និងចាប់ផ្ដើមសាងសង់កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ជាថ្មីម្តងទៀត មូលនិធិគន្ធបុប្ផា នឹងបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់អគារនេះ ជូនសប្បុរសជន និងសាធារណជន ជាបន្តបន្ទាប់ទៀត នៅពេលក្រោយ។ រាល់ការបរិច្ចាគថវិកាតិចក្ដី ច្រើនក្ដី ក្នុងស្មារតី “ខ្មែរជួយខ្មែរ” សុទ្ធតែមានតម្លៃដ៏ធំធេង ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសសកម្មជួយសង្រ្គោះជីវិតទារក និងកុមារកម្ពុជា ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕ អត្ថបទ៖ហ្សាលីន