អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បញ្ជាទិញរថយន្តត្រជាក់ វិរៈ ប៊ុនថាំ បន្ថែមចំនួន ៥០គ្រឿង ដើម្បីពង្រីកវិសាលភាព​ដឹកជញ្ជូន​ទៅដល់បណ្តាខេត្តក្រុង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា លោកនឹងបញ្ជាទិញ​រថយន្ត​ត្រជាក់ចំនួន៥០គ្រឿង បន្ថែមទៀត នៅឆ្នាំ២០២៦នេះ ដើម្បីបំពេញបន្ថែមសេវា​តាមបណ្តាខេត្តក្រុង ដែលមិនទាន់បានទៅដល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍ជាមួយ ឧកញ៉ា ញូស៍ អ្នកឧកញ៉ា សួរ វីរៈ បានលើកបែបនេះថា៖ “ក្រុមហ៊ុន វិរៈ ប៊ុនថាំ យើងមាន​រថយន្តត្រជាក់ ៥០គ្រឿង ហើយឆ្នាំនេះយើងនឹងបន្តកម្ម៉ង់ទិញ​ចំនួន ៥០គ្រឿង ដើម្បីបំពេញបន្ថែមនូវសេវាទៅ​តាមបណ្តាស្រុក ឬក៏បណ្តាខេត្តដែលមិនទាន់ទៅដល់។ សម្រាប់​ខ្ញុំ នេះគឺជាអ្វីដែលថ្មីមួយ ដែលអាចជួយដល់​ចំណូល​របស់ប្រជាពលរដ្ឋ នៅគ្រប់បណ្តាខេត្ត។ ជាពិសេស នៅគ្រប់​បណ្តា​ស្រុក ដូចជាអ្នកប្រកបអាជីវកម្ម​លក់អនឡាញ បើសិនជាគ្មាន​ការ​ដឹកជញ្ជូន​សម្បូរបែបរបស់ វិរៈ ប៊ុនថាំ ដូច​បច្ចុប្បន្ននេះទេ អាជីវកម្មអនឡាញ​ក៏មិនអាចដើរទៅមុខបានដែរ ព្រោះអ្នកទិញចង់ទិញ អ្នកលក់ចង់លក់ តែខ្វះ​អ្នកដឹក ហើយបើទោះបីជាមានអ្នកដឹក ក៏មិនមានអ្នកដឹកដែលមានស្ថេរភាពជាស្តង់ដាមួយ និងមានពេលវេលា​ទៀង​ទាត់ដែរ”។

អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ដូច្នេះការបង្កើនរថយន្តត្រជាក់នេះ លោកគិតថា​មិនខុសពីការ​ជួយ​បន្ថែមគំនិតថ្មីដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត​ បណ្តាស្រុក ឱ្យគាត់គិតឃើញថា គាត់អាចលក់មាន់ស្រែ បន្លែ ឬផ្លែឈើ ដែលគាត់អាចដាំនៅក្រោយផ្ទះ ឬក៏​កសិផល​ផ្សេងៗបាន។

សូមជម្រាបថា ពាក់ព័ន្ធនឹងរថយន្តត្រជាក់នេះដែរ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ក៏បានប្រកាសថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ចិន នៅខេត្តយូណាន ដើម្បីនាំ​យករថយន្តត្រជាក់ GMS សរុបចំនួន ៥០០គ្រឿង សម្រាប់ដឹកបន្លែ ផ្លែឈើ និងកសិផលកម្ពុជា ទៅលក់ផ្ទាល់​នៅប្រទេសចិនផងដែរ៕