អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា លោកនឹងបញ្ជាទិញរថយន្តត្រជាក់ចំនួន៥០គ្រឿង បន្ថែមទៀត នៅឆ្នាំ២០២៦នេះ ដើម្បីបំពេញបន្ថែមសេវាតាមបណ្តាខេត្តក្រុង ដែលមិនទាន់បានទៅដល់។

ក្នុងបទសម្ភាសន៍ជាមួយ ឧកញ៉ា ញូស៍ អ្នកឧកញ៉ា សួរ វីរៈ បានលើកបែបនេះថា៖ “ក្រុមហ៊ុន វិរៈ ប៊ុនថាំ យើងមានរថយន្តត្រជាក់ ៥០គ្រឿង ហើយឆ្នាំនេះយើងនឹងបន្តកម្ម៉ង់ទិញចំនួន ៥០គ្រឿង ដើម្បីបំពេញបន្ថែមនូវសេវាទៅតាមបណ្តាស្រុក ឬក៏បណ្តាខេត្តដែលមិនទាន់ទៅដល់។ សម្រាប់ខ្ញុំ នេះគឺជាអ្វីដែលថ្មីមួយ ដែលអាចជួយដល់ចំណូលរបស់ប្រជាពលរដ្ឋ នៅគ្រប់បណ្តាខេត្ត។ ជាពិសេស នៅគ្រប់បណ្តាស្រុក ដូចជាអ្នកប្រកបអាជីវកម្មលក់អនឡាញ បើសិនជាគ្មានការដឹកជញ្ជូនសម្បូរបែបរបស់ វិរៈ ប៊ុនថាំ ដូចបច្ចុប្បន្ននេះទេ អាជីវកម្មអនឡាញក៏មិនអាចដើរទៅមុខបានដែរ ព្រោះអ្នកទិញចង់ទិញ អ្នកលក់ចង់លក់ តែខ្វះអ្នកដឹក ហើយបើទោះបីជាមានអ្នកដឹក ក៏មិនមានអ្នកដឹកដែលមានស្ថេរភាពជាស្តង់ដាមួយ និងមានពេលវេលាទៀងទាត់ដែរ”។
អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ដូច្នេះការបង្កើនរថយន្តត្រជាក់នេះ លោកគិតថាមិនខុសពីការជួយបន្ថែមគំនិតថ្មីដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត បណ្តាស្រុក ឱ្យគាត់គិតឃើញថា គាត់អាចលក់មាន់ស្រែ បន្លែ ឬផ្លែឈើ ដែលគាត់អាចដាំនៅក្រោយផ្ទះ ឬក៏កសិផលផ្សេងៗបាន។
សូមជម្រាបថា ពាក់ព័ន្ធនឹងរថយន្តត្រជាក់នេះដែរ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ក៏បានប្រកាសថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ចិន នៅខេត្តយូណាន ដើម្បីនាំយករថយន្តត្រជាក់ GMS សរុបចំនួន ៥០០គ្រឿង សម្រាប់ដឹកបន្លែ ផ្លែឈើ និងកសិផលកម្ពុជា ទៅលក់ផ្ទាល់នៅប្រទេសចិនផងដែរ៕






