នៅក្នុងខែមករា ឆ្នាំ២០២៦ ការនាំចេញផលិតផលកសិកម្ម ឈើ និងផលិតផលជលផលទៅកាន់ប្រទេសចិន មានចំនួនជាង ២២% នៃតម្លៃនាំចេញសរុប ឬស្មើទៅនឹងទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រសួងកសិកម្ម និងបរិស្ថាន នៅថ្ងៃទី៥ ខែកុម្ភៈ លោក Tran Gia Long អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ឲ្យដឹងថា ចំណូលនាំចេញផលិតផលកសិកម្ម ឈើ និងផលិតផលជលផលក្នុងខែដំបូងនៃឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនដល់ជាង ៦,៥ពាន់លានដុល្លារ ពោលគឺបានកើនឡើង ២៩,៥% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ទាក់ទងទៅនឹងទីផ្សារ ប្រទេសចិន នៅតែជាដៃគូដ៏ធំជាងគេបំផុត ដែលមានចំនួនជិត ២៣% នៃចំណូលនាំចេញសរុប ឬស្មើទៅនឹងជិត ១,៥ពាន់លានដុល្លារ។ ផ្លែទុរេន ចេក ស្រកានាគ និងផ្លែខ្នុរ នៅតែជាទំនិញកសិកម្មដែលត្រូវបាននាំចេញច្រើនជាងគេ ទៅកាន់ប្រទេសចិន ក្នុងខែមករា ដោយឈានដល់ប្រហែល ៤៥០លានដុល្លារ។
មិនតែប៉ុណ្ណោះទំនិញជាច្រើនទៀតក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សាររបស់ចិនផងដែរ។ ឧទាហរណ៍ ប្រទេសចិនមានចំនួន ៩២,៦% នៃការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់វៀតណាម ដែលនាំមកនូវប្រាក់ចំណូល ១៣៦លានដុល្លារ។ ការនាំចេញកៅស៊ូបានឈានដល់ជាង ៣០០លានដុល្លារ ដែលស្មើនឹងជិតបីភាគបួននៃតម្លៃនាំចេញសរុបនៃទំនិញនេះ។ នៅក្នុងវិស័យទំនិញកែច្នៃ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសចិនបានកើនឡើងជិត ៥០%។
ជម្រាបជូនថា ក្រៅពីផលិតផលកសិកម្ម ការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនក៏បានកើនឡើងជាង ៣០% ផងដែរ ដែលដាក់ទីផ្សារនេះក្នុងចំណោមគោលដៅធំបំផុតទាំងបីសម្រាប់អាហារសមុទ្ររបស់វៀតណាម រួមជាមួយសហរដ្ឋអាមេរិក (២០,៤%) និងជប៉ុន (៧%)៕

