សម្ដេចតេជោ អញ្ជើញជាតំណាងព្រះមហាក្សត្រ ស្វាគមន៍ដំណើរទស្សនកិច្ចអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន លោក តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសដែល លោក អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ លោកគ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្ត​ភាព​កម្ពុជា-វៀតណាម។

ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ លោក តូ ឡឹម ក៏នឹងមានកម្មវិធីក្នុងក្របខ័ណ្ឌបក្សនយោបាយផងដែរ។ ក្នុងក្របខ័ណ្ឌបក្សនយោបាយ លោក តូ ឡឹម នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគី​រវាង សម្តេចតេជោ ហ៊ុន សែន, លោក តូ ឡឹម និង លោក ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។

បន្ថែមពីលើនោះ លោក តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជា​អធិប​តី​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។

សូមជម្រាបដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេស​កម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជា​អ្នក​ជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរ​អង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ ហ្សាលីន