រាជធានីភ្នំពេញ, ថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន ឌីភីម្ចាស់ចំការ (DP MAJAS CHAMKAR CO.,LTD) បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន JEMALUANG DAIRY VALLEY SDN.BHDរបស់ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហការគ្នាក្នុងវិស័យអាជីវកម្មបើកកសិដ្ឋានចិញ្ចឹមគោទឹកដោះ និងរោងចក្រផលិតទឹកដោះគោស្រស់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៍ ទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារហៃយ៉ាត់រីជេនស៊ី ភ្នំពេញ ក្រោមអធិបតីភាពអ្នកឧកញ៉ា ទៀង ផល្លា អគ្គនាយិកាក្រុមហ៊ុន ឌីភីម្ចាស់ចំការ និង លោក QASEM ATHASAN ប្រធានក្រុមហ៊ុន JEMALUANG DAIRY VALLEY SDN.BHD ព្រមទាំងមានវត្តអ្នកភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ និងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។

អ្នកឧកញ៉ា ទៀង ផល្លា អគ្គនាយិកាក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ បានមានប្រសាសន៍ថា៖ «នាងខ្ញុំពិតជាមានក្ដីសោមនស្សរីករាយឥតឧបមា ដែលក្រុមហ៊ុនឌីភីម្ចាស់ចំការ (DP MAJAS CHAMKAR CO.,LTD) បានចុះហត្ថលេខាលើកិច្ចសហការជាមួយនឹងក្រុមហ៊ុន JEMALUANG DAIRY VALLEY SDN.BHD របស់ប្រទេសម៉ាឡេស៊ី។ នេះជាកំណត់យត្រាថ្មីនៃដើមឆ្នាំ២០២៦ សម្រាប់ក្រុមហ៊ុនរបស់យើងខ្ញុំ ដែលបាននឹងកំពុងឈានឆ្ពោះលើវិថីអាជីវកម្មថ្មីមួយផ្ដោតលើផលិតផលទឹកដោះគោស្រស់ ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់នៅក្នុងប្រទេស ហើយស្របគ្នាយើងបានចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំមួយរបស់ម៉ាឡេស៊ី ដែលមានជំនាញ និងបច្ចេកទេសស្ដង់ដារអន្តរជាតិ ដើម្បីផលិតនូវទឹកដោះគោស្រស់ជូនប្រជាជនកម្ពុជា។ ទិសដៅធំនៃការវិនិយោគនាពេលនេះ មិនមែនត្រឹមតែដើម្បីប្រាក់ចំណេញមកក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ តែប៉ុណ្ណោះទេ គោលដៅដ៏ធំបំផុតរបស់យើងខ្ញុំ គឺការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ព្រមទាំងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោយការចុះអនុស្សារណៈយោគយល់គ្នានេះ យើងនឹងធ្វើដំណើរជាមួយគ្នាបានយ៉ាងលឿន រហ័ស ច្បាស់លាស់ ដើម្បីសម្រេចបាននូវក្ដីសុបិនក្នុងបង្កើតរោងចក្រក្នុងស្រុកដែលអាចផលិតនូវម៉ាកសញ្ញាមួយនៃផលិតផលប្រទេសកម្ពុជា ឬ Product of Cambodia »។

ក្នុងកិច្ចសហការគ្នានេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនឌីភីម្ចាស់ចម្ការ បានបញ្ជាក់បន្ថែមថា៖ «ក្រោយពីមានបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ យើងឃើញថាប្រជាជនខ្មែរយើងទូទាំងប្រទេសបានពហិការមិនប្រើប្រាស់ផលិតផលថៃតទៀត ប៉ុន្តែបើយើងមើលមកកម្ពុជាយើងវិញ គឺផលិតខ្មែរនៅមានកម្រិតនៅឡើយដែលមិនទាន់អាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃបាននោះទេ។ ត្រង់នេះហើយដែលខ្ញុំមើលឃើញបញ្ហាជាឱកាសនៃការវិនិយោគ។ កន្លងមកក្រុមហ៊ុនឌីភីម្ចាស់ចម្ការ យើងមានកសិដ្ឋានចិញ្ចឹមគោសាច់ប្រមាណជាង ៣០០០ ក្បាល ដែលនាំយកពូជគោល្បីៗពីបរទេសដូចជា ពូជគោវ៉ាហ្គូរបបស់ជប៉ុន ពូជគោអែងកាស់របស់អូស្រ្តាលី ពូជគោប្រាំម៉ាន់របស់អាមរេិក និងពូគោឆារឺឡេរបស់បារំាង ដែលកំពុងចិញ្ចឹមយ៉ាងល្អក្នុងកសិដ្ឋានរបស់យើងនៅខេត្តកំពង់ឆ្នាំង។ ឥឡូវនេះក្រុមហ៊ុនឌីភីយើងចង់ពង្រីកអាជីវកម្មនៃការចិញ្ចឹមសត្វគោនេះ ជាប្រភេទគោទឹកដោះវិញម្ដង ពីព្រោះខ្ញុំមើលឃើញថា បច្ចុបន្នទឹកដោះគោ គឺមានតម្រូវការទីផ្សារខ្ពស់ណាស់ ហើយការផលិតក្នុងស្រុកមិនអាចបំពេញតម្រូវការនៃការប្រើប្រាស់បានគ្រប់គ្រាន់នៅឡើយ ហើយភាគច្រើនមានតែផលិតផលនាំចូលពីបរទេស។»។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បន្តថា៖ «ជាមួយគ្នានេះ ស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តដល់់សហគ្រិនខ្មែរ និងអ្នកវិនិយោគ ក្នុងការរួមគ្នាផលិតនូវផលិតផលខ្មែរ និងជាពិសេសនិន្នាការនៃការគាំទ្រផលិតផលខ្មែរ ទើបយើងសម្រេចចិត្តបោះទុន ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតទឹកដោះគោក្នុងស្រុកមួយដែលមានស្ដង់ដារខ្ពស់ ដោយយើងបានសហការជាមួយ លោក QASEM ATHASAN ប្រធានក្រុមហ៊ុន JEMALUANG DAIRY VALLEY ដែលជាក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុននេះក៏មានភាគហ៊ុនរបស់រដ្ឋាភិបាលម៉ាឡេស៊ីផងដែរ។ ចំពោះពូជគោទឹកដោះនេះ ក្រុមហ៊ុននឹងបាននឹងកំពុងបញ្ជាទិញពីប្រទេសអូស្រ្តាលីចំនួន ៥០០ក្បាល » ។
លោក QASEM ATHASAN ប្រធានក្រុមហ៊ុន JEMALUANG DAIRY VALLEY បានលើកឡើងដែរថា៖ «ខ្ញុំពិតជាសប្បាយចិត្តដែលបានរួមសហការជាមួយក្រុមហ៊ុនឌីភីម្ចាស់ចំការ។ ចំពោះ ក្រុមហ៊ុន JEMALUANG DAIRY VALLEY គឺបានបង្កើតដោយដៃខ្ញុំផ្ទាល់ តាំងពីដំបូងយើងមានគោទឹកដោះត្រឹមតែ ៤ ក្បាលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បុន្ននេះយើងមានសត្វគោជាង ៥០០០ ក្បាលហើយ ដែលវាជាប្រភពដ៏សំខាន់នៃផលិតផលទឹកដោះគោរបស់ក្រុមហ៊ុន ហើយអ្វីដែលសំខាន់នោះគេយើងមានបច្ចេករៀបចំត្រឹមត្រូវទាំងបច្ចេកទេសចិញ្ចឹម ថែទាំ និងការឱ្យចំណី។ បើនិយាយពីរោងចក្រទឹកដោះគោ មិនមែនមានតែសត្វគោគឺយើងអាចដំណើរការបាននោះទេ ចំបាច់បំផុតគឺជំនាញ បច្ចេកទេស និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនយើងមានបានរៀបចំឡើងដោយបទដ្ឋានស្ដង់ដារអន្តរជាតិ និងមានបច្ចេកទេសខ្ពស់ ដូចដែលអ្នកឧកញ៉ាធ្លាប់អញ្ជើញទៅទស្សនកិច្ចបានឃើញស្រាប់នូវខ្សែច្រវ៉ាក់ផលិតកម្មរបស់យើងគឺ ផ្ដោតលើគុណភាព សុវត្ថិភាព និងអនាម័យ ជាចម្បង។ ហើយពីពេលនេះតទៅ ខ្ញុំនឹងធ្វើការលើជំនាញបច្ចេកទេសនានាជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា ដើម្បីផលិតនូវទឹកដោះគោស្រស់ដែលធានានូវគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ »។
គួរជម្រាបជូនថា ក្រុមហ៊ុន ឌីភីម្ចាស់ចំការ (DP MAJAS CHAMKAR CO.,LTD) គឺជាក្រុមហ៊ុនក្នុងស្រុកបង្កើតឡើងដោយកូនខ្មែរ ដែលមាន អ្នកឧកញ៉ា ម៉ម វណ្ណឌី ជាប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ទៀង ផល្លា អគ្គនាយិកា។ ចក្ខុវិស័យដ៏មុតស្រួចរបស់ក្រុមហ៊ុនគឺនឹងសម្រេចឱ្យបាននូវរោងចក្រផលិតទឹកដោះគោនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក៕
__________________________________________________________________
ទំនាក់ទំនងព័ត៌មានបន្ថែម៖
លោក ព្រាប គឹមឈុន មន្រ្តីបច្ចេកទេសនៃក្រុមហ៊ុនឌីភីម្ចាស់ចម្ការ
Tel: 092 979 222




