អ្នករកស៊ីអចលនវត្ថុ និងបញ្ចាំគ្រប់ប្រភេទ ត្រូវស្នើសុំអាជ្ញាបណ្ណពី ន.អ.ប នៃក្រសួងសេដ្ឋកិច្ចជាមុន ជៀសវាងរងការពិន័យ

សង្គម​និង​សេដ្ឋកិច្ច

ជាថ្មីម្តងទៀត ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាពនៅក្នុងវិស័យអចលនវត្ថុ និងបញ្ចាំគ្រប់ប្រភេទ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃក្រសួងសេដ្ឋកិច្ច ត្រូវស្នើសុំអាជ្ញាបណ្ណពី ន.អ.ប ជាមុនសិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងកាលពីចុងខែមករា ឆ្នាំ២០២៣ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឲ្យដឹងថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រតិភោគដោយអនុប្បទាន ត្រូវស្នើសុំអាជ្ញាបណ្ណពី ន.អ.ប ជាមុនសិន។ ទន្ទឹងមនឹងនោះ ប្រសិនពុំបានស្នើសុំអាជ្ញាបណ្ណពី ន.អ.ប គឺជាអំពើខុសច្បាប់ដែលត្រូវតែបញ្ឈប់សកម្មភាព និងរងការពិន័យ ជាទឹកប្រាក់តាមច្បាប់ជាធរមាន។

រូបភាពនៅក្រុងព្រះសីហនុ នាខែកមរា ឆ្នាំ២០២៣

ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាពរបស់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំគ្រប់ប្រភេទ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ស្នើឲ្យត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) នៃក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យ ឧកញ៉ា ឃាង ពុទ្ធី ធ្លាប់បានស្នើសុំទៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ធ្វើការរឹតបន្តឹង និងចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ដែលមិនទាន់មានអាជ្ញាបណ្ណ។ ការស្នើសុំនេះ លោកថា ដើម្បីប្រកួតប្រជែងគ្នាលើសង្វៀនអាជីវកម្មដោយភាពស្មោះត្រង់ និងតម្លាភាព។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សានៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា ថ្លែងប្រាប់គេហទំព័រឧកញ៉ាញូស៍ថា៖ «និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវតែធ្វើការជំរុញការផ្សព្វផ្សាយរាល់ការប្រកបអាជីវកម្មនៅកម្ពុជា ពាក់ព័ន្ធនឹងសេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ត្រូវតែមានអាជ្ញាបណ្ណប្រកបអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ ជាមុនសិន»។

ឧកញ៉ា ឃាង ពុទ្ធី

លោកឧកញ៉ាបន្តថា ក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុ បច្ចុប្បន្នឃើញមានច្រើនប្រកួតប្រជែងគ្នាដោយខ្លះគ្មានអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ ហើយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គ្មានវិធានការផ្លូវច្បាប់លើក្រុមហ៊ុន ឫភ្នាក់ងារអចលនវត្ថុណាមួយនៅឡើយ។ លោកបន្ថែមទៀត «ប្រសិនបើគ្មានវិធានការច្បាប់ គ្មានការផ្សព្វផ្សាយ ស្មើនឹងអត់ធ្វើការ ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែនិរាករណ៍លុបអាជ្ញាបណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈនោះតែម្តង ទុកឱ្យក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុទាំងនោះធ្វើការប្រកួតប្រជែងតាមអំពើចិត្តតែម្តងទៅ»។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរអំណាច និងសិទ្ធិនៃការដោះស្រាយវិវាទអចលនទ្រព្យ និងការបញ្ជាំ ពីស្ថាប័នចាស់ (នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន) ទៅស្ថាប័នថ្មីមួយ ដែលមានឈ្មោះថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) កាលពីឆ្នាំ២០២១។ និយ័តករនេះ នឹងមានតួនាទីផ្សះផ្សា និងដោះស្រាយវិវាទ នូវរាល់ពាក្យបណ្តឹងរបស់គូភាគីនៃកិច្ចសន្យាលក់-ទិញអចលនវត្ថុ កិច្ចសន្យាទទួលបញ្ចាំ និងកិច្ចសន្យាទទួលប្រាតិភោគដោយអនុប្បទានជាដើម៕