ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបឯក​អគ្គ​​រាជទូត​​អូស្រ្តាលី ដែលចប់អាណត្តិនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គ​​រាជទូត​អូស្រ្តាលី មុននឹង ឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត​បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ដែលបានអនុវត្តកន្លងមក ជាពិសេសការឧបត្ថម្ភគាំទ្រគ្នានៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិតកងទ័ពជើងនៃកងយោធពលខេមរភូមិន្ទ។ លើសពីនេះ ឯកឧត្តម ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះភាពកក់ក្តៅក្នុង​រយៈពេលបំពេញបេសកម្មការទូត និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងការ​​ទូតរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​​លើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី ។

ចំពោះកិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់​តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិត​​ស្និទ្ធរវាង​អង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។
 
ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះតួនាទី និងការចូលរួមចំណែកយ៉ាង​​សកម្មរបស់ ឯកឧត្តម ឯកអគ្គរាជទូត ក្នុងការសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កា ជាក់ស្តែងជាច្រើនក្នុងអាណត្តិការទូតរយៈពេល ០៣ ឆ្នាំកន្លងមកនេះ។