ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ 

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យ​ឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិប្រមាណ ២០០ នាក់ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីតួនាទីស្នូលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចជាតិ។

លោកបានលើកឡើងថា៖ “សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និង​ទីផ្សារពិភពលោក។ ប៉ុន្តែពួកគេត្រូវការយន្តការគាំទ្រថ្នាក់ជាតិ ដើម្បីជំរុញផលិតភាព និងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។”

លោកបញ្ជាក់ថា សេចក្តីព្រាងយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើងដោយឈរលើសសរស្តម្ភបួនគឺ៖ (១) ការកែលម្អបរិយា​កាស​ធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ (២) ការពង្រឹងផលិតកម្ម និងការពង្រីកបច្ចេកវិទ្យា និងនវានុវត្តន៍ (៣) ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ និង (៤) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ជាផ្នែកមួយនៃការគាំទ្រជាក់ស្តែងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយ ដោយបញ្ចូលសេវាធ្វើតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business) របស់រាជរដ្ឋាភិបាល ដោយកាត់បន្ថយការប្រើប្រាស់លទ្ធផលតេស្តជាក្រដាស។

បើតាម លោក ហែម វណ្ណឌី “នេះគឺជាជំហានថ្មីមួយទៀត ដើម្បីជួយសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យទទួលបានសេវាមន្ទីរពិសោធន៍កាន់តែលឿន និងគួរឱ្យទុកចិត្ត ហើយដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ តាមរយៈការចាប់យកស្តង់ដារ និងគុណភាព។”