សហស្ថាបនិករបស់ក្រុមហ៊ុន xAI លោក Tony Wu និងលោក Jimmy Ba បានប្រកាសលាលែងចេញពីតំណែងពីក្រុមហ៊ុបញ្ញាសិប្បនិម្មិតដែលពួកគេបានចាប់ផ្តើមបង្កើតឡើងជាមួយមហាសេដ្ឋី Elon Musk កាលពីតិចជាងបីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការចាកចេញរបស់លោក Tony និងលោក Jimmy នេះ គឺជាការចាកចេញចុងក្រោយបំផុតពីក្រុមហ៊ុន xAI ដែលធ្វើឲ្យបច្ចុប្បន្នក្រុមហ៊ុននេះ នៅសល់តែពាក់កណ្តាលប៉ុណ្ណោះ នៃសហស្ថាបនិកចំនួន ១២ នាក់របស់ខ្លួន។
មិនតែប៉ុណ្ណោះ បើយោងតាមកាសែត Financial Times បានរាយការណ៍ថា ការលាលែងចេញពីតំណេងរបស់លោក Tony បានធ្វើឲ្យបន្ទាប់ពីមានភាពតានតឹងក្នុងក្រុមបច្ចេកទេសរបស់ខ្លួន លើការទាមទារឲ្យមានការកែលម្អដំណើរការគំរូ AI ខណៈពេលដែលោក Musk បានដាក់សម្ពាធឲ្យតាមទាន់គូប្រជែងធំៗរបស់ខ្លួន ដូចជា OpenAI និង Anthropic ជាដើម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងលោក Tony និងលោក Jimmy ហាក់មិនបាននិយាយអ្វីនៅក្នុងការបង្ហោះសារនៅលើបណ្តាញសង្គម X ចំពោះមូលហេតុនៃការចាកចេញរបស់ពួកគេនោះឡើយ ដោយគ្រាន់តែបានថ្លែងអំណរគុណដល់លោក Musk ប៉ុណ្ណោះ។
ជម្រាបជូនថា ការផ្លាស់ប្តូរចុងក្រោយបំផុតនៅ xAI បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន SpaceX របស់លោក Musk បាននិយាយថា ខ្លួននឹងទិញយក xAI ដើម្បីបង្កើតក្រុមហ៊ុនដែលមានតម្លៃ ១,១២ពាន់ពាន់លានដុល្លារ ជាមួយនឹងផែនការដើម្បីក្លាយជាក្រុមហ៊ុនសាធារណៈ នៅឆ្នាំនេះ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់មហិច្ឆតារបស់មហាសេដ្ឋី Elon Musk ក្នុងការដាក់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងលំហអាកាស៕

