ឆ្នាំ២០២៦ជាឆ្នាំប្រទេសហ្វីលីពីនជាប្រធានអាស៊ានប្តូរវេនបន្ទាប់ពីប្រទេសម៉ាឡេស៊ី។ ស្របពេលកម្ពុជា-ថៃ មិនទាន់ដោះស្រាយបាននូវបញ្ហាព្រំដែននៅឡើយ ក្នុងនាមជាប្រទេសអាស៊ាន ជាពិសេសក្នុងនាមជាប្រធានអាស៊ានគឺមិនអាចមើលរំលងលើបញ្ហានេះបានទេ។ ជាក់ស្តែង បន្តពីម៉ាឡេស៊ី ហ្វីលីពីន បានអះអាងប្តេជ្ញាចំពោះកម្ពុជា ថាខ្លួននឹងចូលរួមដោះស្រាយលើបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ។

ការអះអាងពីការប្តេជ្ញាចិត្តរបស់ហ្វីលីពីន បន្ទាប់ពីអគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមួយក្រុមមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានចាត់ទុកថា នេះគឺជាសំឡេង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងក៏ជាសារដែលបញ្ជាក់ថា អាស៊ានបន្តយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោក Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក៏បានចុះពិនិត្យមើលស្ថានការណ៍វិវត្តន៍នៅតាមព្រំដែនកម្ពុជា-ថៃ និងបង្ហាញការត្រៀមទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីម៉ាឡេស៊ីក្នុងការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ។
មុននឹងបំពេញបេសកកម្មពិនិត្យមើលស្ថានការណ៍ពិតនៅតាមជាយដែន អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ព្រមទាំងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំយោធាកម្ពុជាមួយចំនួនទៀតផងដែរ។

ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានអះអាងបញ្ជាក់ថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអព្យាក្រឹត្យសំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាសម្រាប់តំបន់ទាំងមូល។
ចំណែកនៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏បានបញ្ជាក់ដែរថា ហ្វីលីពីនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានគោរពយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

គួររម្លឹកថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៥ ម៉ាឡេស៊ី បានខិតខំសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃយ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលធំៗជាច្រើនក្នុងនោះមានដូចជា កិច្ចព្រមព្រៀងឈប់បាញ់ពីរលើកនិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពមួយលើក ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ម៉ាឡេស៊ីក៏បានសម្របសម្រួលបញ្ហាជាច្រើនទៀត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃ។

បើងាកមើលក្រៅពីការជ្រួយជ្រោមជ្រែងពីម៉ាឡេស៊ី បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសារព័ត៌មានធំៗក្នុងពិភពលោក ក៏កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការរារាំងពលរដ្ឋភៀសសឹកជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានផងដែរ៕

