អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និងក្រុមគ្រួសារ ចេញសេចក្តីជូនដំណឹងពុំមានការចែកអំណោយ (អាំងប៉ាវ) ជូនដល់ប្រជាពលរដ្ឋទៀតនោះទេ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦នេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបានបិទប្រកាសនៅលើរបងភូមិគ្រឹះរបស់អ្នកឧកញ៉ាផ្ទាល់។

សេចក្តីជូនដំណឹងអំពីការឈប់ផ្តល់អំណោយនេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ និងចៀសវាងប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតទៅប្រជ្រៀតគ្នាយកអាំងប៉ាវ ដែលធ្លាប់បានជួបហេតុការណ៍ជាន់គ្នាស្លាប់កាលពីឆ្នាំមុន។ កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មានហេតុការណ៍ប្រជ្រៀតគ្នាទៅទទួលអាំងប៉ាវ ធ្វើឱ្យមានអ្នកស្លាប់៤នាក់ និងរបួស៥នាក់។ ក្រោយជួបហេតុការណ៍មិននឹកស្មានដល់ និងគួរឱ្យសោកស្តាយនេះ អ្នកឧកញ៉ា សុខ គង់ ក៏បានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារអ្នកស្លាប់ម្នាក់ចំនួន៦ពាន់ដុល្លារ និងអ្នករបួសម្នាក់ៗ៤លានរៀលផងដែរ។
សូមជម្រាបថា ស្ទើរតែរៀងរាល់ឆ្នាំ នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីចិន មហាសេដ្ឋីអចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុនប្រេងឥន្ទនៈសូគីម៉ិច អ្នកឧកញ៉ា សុខ គង់ និងក្រុមគ្រួសារ តែងតែរៀបចំពិធីចែកអំណោយ (អាំងប៉ាវ) នៅភូមិគ្រឹះរបស់លោក។ ជាក់ស្តែងឆ្នាំ២០២៤ មានប្រជាជនប្រមាណជា ៥០០០នាក់ បានទទួលអំណោយសប្បុរធម៍នេះ៕




