អ្នកឧកញ៉ា សុខ គង់ ពុំមានការចែកអាំងប៉ាវ ជូនប្រជាពលរដ្ឋទៀតនោះទេ ក្នុងឱកាសចូលឆ្នាំចិនឆ្នាំនេះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និងក្រុមគ្រួសារ ចេញសេចក្តីជូនដំណឹងពុំមានការចែកអំណោយ (អាំងប៉ាវ) ជូនដល់ប្រជាពលរដ្ឋទៀតនោះទេ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦នេះ។ នេះ​បើតាម​សេចក្តីជូនដំណឹង ដែលបានបិទប្រកាសនៅលើរបងភូមិគ្រឹះរបស់អ្នកឧកញ៉ាផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងអំពីការឈប់ផ្តល់អំណោយនេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ និងចៀសវាងប្រជាពលរដ្ឋ​ដែលមាន ជីវភាពខ្វះខាតទៅប្រជ្រៀតគ្នាយកអាំងប៉ាវ ដែលធ្លាប់បានជួបហេតុការណ៍ជាន់គ្នាស្លាប់កាលពីឆ្នាំមុន។ កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មានហេតុការណ៍ប្រជ្រៀតគ្នាទៅទទួលអាំងប៉ាវ ធ្វើឱ្យមានអ្ន​កស្លាប់៤នាក់ និងរបួស៥នាក់។ ក្រោយជួបហេតុការណ៍មិននឹកស្មានដល់ និងគួរឱ្យសោកស្តាយនេះ អ្នកឧកញ៉ា សុខ គង់ ក៏បានឧបត្ថម្ភ​ថវិកាដល់ក្រុមគ្រួសារអ្នកស្លាប់ម្នាក់ចំនួន៦ពាន់ដុល្លារ និងអ្ន​ករបួសម្នាក់ៗ៤លានរៀល​ផងដែរ។

សូមជម្រាបថា ស្ទើរតែរៀងរាល់ឆ្នាំ នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីចិន មហាសេដ្ឋីអចលនទ្រព្យ និងជាស្ថាបនិក​ក្រុមហ៊ុនប្រេងឥន្ទនៈសូគីម៉ិច អ្នកឧកញ៉ា សុខ គង់ និងក្រុមគ្រួសារ តែងតែ​រៀបចំពិធីចែកអំណោយ (អាំងប៉ាវ) នៅភូមិគ្រឹះរបស់លោក។ ជាក់ស្តែងឆ្នាំ២០២៤ មានប្រជាជន​ប្រមាណជា ៥០០០នាក់ បានទទួលអំណោយ​សប្បុរធម៍នេះ៕