កម្ពុជា មានទុនវិនិយោគក្នុងវិស័យរ៉ែប្រមាណជិត៣ពាន់លានដុល្លារ បង្កើតការងារដោយផ្ទាល់ជាង១ម៉ឺន២ពាន់នាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានទុនវិនិយោគក្នុងវិស័យរ៉ែប្រមាណ ២ ៨៩០លានដុល្លារ បានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ ១៣០នាក់ ក្នុងនោះប្រជាពលរដ្ឋខ្មែរប្រមាណ១១ ៥៤៧នាក់ ស្មើនឹង៩៥%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ពិព័រណ៍ផលិផលរ៉ែឆ្នាំ២០២៦ របស់ក្រសួងរ៉ែ និងថាមពល បានឱ្យបន្តថា ផលិតកម្មរ៉ែមាសកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មី ដែលគិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ១៨តោនតាមការដ្ឋានរ៉ែដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្ត មណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តបាត់ដំបង។

ដោយឡែក រ៉ែថ្មនិងខ្សាច់សំណង់បានដើរតួយ៉ាង សំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យរួមចំណែកដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់តូចធំនានានៅទូទាំងប្រទេស។

ក្រសួងរ៉ែ បានបញ្ជាក់ថារហូតមកទល់នឹងបច្ចុប្បន្ននេះទុនវិនិយោគសរុបក្នុងវិស័យរ៉ែមានប្រមាណ ២ ៨៩០ លានដុល្លារអាម៉េរិក ហើយបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ ១៣០ នាក់ ក្នុងនោះប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ៥៤៧ នាក់ ស្មើនឹង ៩៥%។ ចំណែកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅក្នុងរយៈពេល១០ឆ្នាំចុង ក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយមានកំណើនពី ១៣,១០ លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០១៦ ទៅ ១៣៥,៥៥ លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥។

លើសពីនេះទៀត ប្រតិបត្តិការធនធានរ៉ែក៏បានចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈ មូលនិធិរ៉ែសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលផ្តួចផ្តើមបង្កើតឡើងដោយក្រសួងរ៉ែនិងថាមពល ក្នុងគោលបំណងបង្កើតឱ្យមានសុខដុមនីយកម្មក្នុងតំបន់ប្រតិបត្តិការធនធានរ៉ែ។ ចាប់ពីឆ្នាំ២០១៥ រហូតដល់ ឆ្នាំ២០២៥ មានគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានចំនួន១១៧គម្រោង (រួមមានសាលារៀន ផ្លូវដីក្រហម ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា ស្រះទឹកសហគមន៍ អណ្តូងទឹក ។ល។) ត្រូវបានអនុវត្តបញ្ចប់ តាមបណ្តាឃុំ/សង្កាត់ដែលមានប្រតិបត្តិការធនធានរ៉ែទូទាំងប្រទេស និងគម្រោងចំនួន២០កំពុងបន្តអនុវត្តដែល ប្រើប្រាស់ថវិកាមូលនិធិរ៉ែប្រមាណ១០លានដុល្លារអាម៉េរិក៕