សមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ច ប៊ុលហ្គារី–អារ៉ាប់(Chairman of the Association of Bulgarian-Arab Economic Chambers) មានបំណងមកស្វែងយល់ដោយផ្ទាល់អំពីសក្តានុពលវិនិយោគ និងឱកាសសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

នេះបើយោងតាមជំនួបពិភក្សារវាង លោក ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប៊ុលហ្គា ជាមួយ លោក Ahmad M. Alaeddine ប្រធានសមាគមសភាពាណិជ្ជកម្មសេដ្ឋកិច្ច ប៊ុលហ្គារី–អារ៉ាប់ នៅទីក្រុង សូហ្វៀ កាល ១៣ កក្កដា ២០២៦ ដើម្បីផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី។
នាឱកាសនោះ លោក Ahmad M. Alaeddine បានបង្ហាញបំណងច្បាស់លាស់ក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីសក្តានុពលវិនិយោគ និងឱកាសសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។ លោកក៏មានគម្រោងដឹកនាំគណៈប្រតិភូធុរកិច្ចទៅជាមួយ ដើម្បីសិក្សាពីឱកាសនាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ កាហ្វេ ម្រេច គ្រាប់ស្វាយចន្ទី តែ ម្ទេស និងផលិតផលកែច្នៃផ្សេងៗ។

ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី លោក ជា ច័ន្ទបរិបូរណ៍ បានស្វាគមន៍បំណងរបស់ប្រតិភូប៊ុលហ្គារី ខណៈលោកថា នឹងជួយរៀបចំជំនួបជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការ ក្រសួងកសិកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។ ក៏ដូចជាការរៀបចំដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេស និងជួបពាណិជ្ជករកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់អាជីវកម្មរវាងប្រទេសទាំងពីរ។
សូមជម្រាបថា តាមរយៈជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាផងដែរអំពីលទ្ធភាពប្រើប្រាស់ប្រទេសប៊ុលហ្គារីជាច្រកចូលទីផ្សារសហភាពអឺរ៉ុប (EU Gateway) សម្រាប់ផលិតផលកម្ពុជា ជាពិសេសសម្រាប់ទីផ្សារប្រជាជនកម្ពុជានៅអឺរ៉ុប និងអ្នកប្រើប្រាស់អឺរ៉ុបទូទៅ។ជាសរុប ជំនួបនេះបានបង្ហាញពីឆន្ទៈរួមក្នុងការពង្រឹងការទូតសេដ្ឋកិច្ច (Economic Diplomacy) តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ វិស័យទេសចរណ៍ និងការតភ្ជាប់វិស័យឯកជនរវាងកម្ពុជា និងប៊ុលហ្គារី ដោយមានស្ថានទូតកម្ពុជានៅទីក្រុងសូហ្វៀជាស្ពានសម្របសម្រួល ដើម្បីបម្លែងឱកាសទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ហ្សាលីន

